Saturday, November 23, 2024

ជនជាតិ ស្វីស មានជំងឺប្រចាំកាយម្នាក់ ជក់បារី និងផឹកស្រាបៀរជាប្រចាំ ចុងក្រោយត្រូវបានស្លាប់ នៅក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ ជនជាតិ ស្វីស មានជំងឺប្រចាំកាយម្នាក់ មិនព្រមទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យនោះទេ ហើយថែមទាំងជក់បារី និងផឹកស្រាបៀរជាប្រចាំ ចុងក្រោយត្រូវបានស្លាប់ នៅក្នុងផ្ទះជួល ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៤ និង ៥៥ នាទីថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២៤កន្លងទៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិ ស្វីស ដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ GOTHE MARTIN EBERHARD ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ X៩០៧៥០០៣ ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា នៅកន្លែងកើតហេតុ បុរសម្នាក់មានឈ្មោះ SARMIENTO BENZON NAVARRO អាយុ ៣៦ឆ្នាំ ជាជនជាតិហ្វីលីពីន កាន់លិខិតឆ្លងដែនលេខ P៦៣១០៥៦៩A ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ ត្រូវជាមិត្តភក្កិប្រុសរបស់សព បានឱ្យដឹងថា «ខ្ញុំបានស្គាល់គាត់(សព)អំឡុងឆ្នាំ ២០១៤ នៅប្រទេសហ្វីលីពីន ពួកយើងបានស្រឡាញ់គ្នានិងរស់នៅជាមួយគ្នាដូចជាប្ដីប្រពន្ធ ក្រោយមកបាននាំគ្នាមកនៅប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ក្នុងពេលរស់នៅជាមួយគាត់ខ្ញុំដឹងថាគាត់មានជំងឺប្រចាំកាយគឺជំងឺបេះដូង ហើយតែងតែលេបថ្នាំពេទ្យច្រើនមុខជាប្រចាំ តែខ្ញុំមិនដឹងថាជាថ្នាំបំបាត់ជំងឺអ្វីខ្លះនោះទេ ហើយគាត់មិនព្រមទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យនោះទេ ជារៀងរាល់ថ្ងៃពួកយើងទាំងពីរនាក់ចូលចិត្តជក់បារីនិងផឹកស្រាបៀរជាប្រចាំ តែពួកខ្ញុំពុំដែលមានបញ្ហាអ្វីនឹងគ្នានោះទេ ជាក់ស្ដែងនៅ វេលាម៉ោង ០០ និង ០០ នាទី កណ្ដាលអាធ្រាត ឈានចូលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ គាត់គេងមិនលក់បានអង្គុយផឹកស្រាបៀររហូតដល់ម៉ោង ១៤ និង ៤៦ នាទី ថ្ងៃខែឆ្នាំដដែល អស់ស្រាបៀរចំនួន ១២ កំប៉ុង ស្រាប់តែឃើញគាត់សន្លប់នៅលើកៅអីមុខផ្ទះ រួចខ្ញុំក៏បានលើកគាត់មកដាក់លើឥដ្ឋការ៉ូ ដោយខ្ញុំនិងពូអ្នករត់ម៉ូតូកង់បីនៅផ្ទះជិតនោះបានជួយធ្វើចលនាបេះដូងឲ្យគាត់ ហើយខ្ញុំបានស្ទាបជីបចររបស់គាត់លេងដំណើរការទាំងអស់ទើបខ្ញុំបានដឹងថាគាត់បានស្លាប់បាត់ទៅហើយ បន្ទាប់មកខ្ញុំក៏ឱ្យអ្នកជិតខាងជួយរាយការណ៍ជូនសមត្ថកិច្ច»។

ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ការស្លាប់បុរសជនជាតិស្វីសខាងលើ គឺដោយសារ គាំងបេះដូង។បច្ចុប្បន្នសាកសពបានយកទៅរក្សាទុក្ខនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញដើម្បីគ្រប់គ្រង និងបន្តនីតិវិធីហើយ៕KD

ព័ត៌មានពេញនិយម