Friday, November 22, 2024

ឃាត់ខ្លួនចោរឆក់កាបូប ប្រាំនាក់ ក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង ២២ និង៣០ នាទីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៤កន្លងទៅ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការ បង្ក្រាប ករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកកាបូប ) ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានធ្វើការនាំខ្លួន ជនសង្ស័យ ចំនួន ០៥ នាក់មកកាន់ស្នងការដ្ឋាន មាន ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកបើកម៉ូតូ ។ ឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកជិះពីក្រោយធ្វើសកម្មភាពឆក់យកកាបូប។ ឈ្មោះ ខុន រតនា ហៅ ប៉ោង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ជាបក្សពួក។ ឈ្មោះ រ័ត្ន ដារ៉ូ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបក្សពួក និង ឈ្មោះ ឈិន ជីវន្ត័ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបក្សពួក។

សមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាងមាន ៖ កាបូបស្ពាយចំនួន ០១ ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង និង ម៉ូតូ ០១ គ្រឿងម៉ាក HONDA SCOOPY ពណ៌ ស ផ្កាឈូក ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP-7343។

សូមជម្រាបជូនថា កាលពីវេលាម៉ោង ០៥ និង ៤៨ នាទីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យ ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ រួមជាមួយឈ្មោះ អ៊ុន សុភាព បានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿង ឆក់យកកាបូបរបស់ជនរងគ្រោះឈ្មោះ ហៃ ជូ ភេទស្រី អាយុ ៦២ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងជិះម៉ូតូនៅតាមដងផ្លូវចំណុចកើតហេតុខាងលើ ហើយជិះរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជំនាញកំពុងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីហើយ៕ លោក លីន សាលី

ព័ត៌មានពេញនិយម