Friday, November 22, 2024

ខ្លោចផ្សាណាស់ក្មេងប្រុសកំសត់មានអាយុទើបតែជិតពីរឆ្នាំប៉ុណ្ណោះ ត្រូវម្ដាយបង្កើត និងឪពុកចុង ធ្វើទារុណកម្មរហូតដល់ស្លាប់

ខេត្តសៀមរាប៖ កំសត់ពេកហើយក្មេងប្រុសម្នាក់មានអាយុទើបតែ ២២ខែប៉ុណ្ណោះ ត្រូវបានម្ដាយបង្កើតតែងតែធ្វើទារុណកម្ម និងមកដល់ជីវិតចុងក្រោយត្រូវឪពុកចុង វាយធ្វើបាបរហូតដល់ស្លាប់បាត់បង់ជីវិតយ៉ាងខ្លោចផ្សា រីឯម្ដាយចិត្តអប្រិយបានត្រឹមឈរមើល នៅផ្ទះស្នាក់បណ្ដោះអាសន្ន ក្នុងភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាបកាលពីវេលាម៉ោង ២០ និង ០០នាទីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសកំសត់ដែលម្ដាយបង្កើត និងឪពុកចុងសម្លាប់នោះមានឈ្មោះ ផ្លាវ សុចិត្រា ភេទប្រុស អាយុ ២២ខែ រស់នៅជាមួយម្ដាយចិត្តអប្រិយ ឈ្មោះ ហាក់ ហៃ អាយុ ២៨ឆ្នាំ កើតនៅភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប និងឪពុកចុងចិត្តជាតិរច្ឆានឈ្មោះ យិន សុខលីន អាយុ ៣០ឆ្នាំ ដែលជាប្តីទី៤ របស់ម្តាយ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយទាំងពីរនាក់ប្តីប្រពន្ធ អវិជ្ជមានសារធាតុញៀននេះ មានមុខរបរ ស៊ីឈ្នួលដាំដំឡូង និងបេះគ្រាប់ស្វាយចន្ទី ។
ប្រភពដដែលបានបន្តថា នៅវេលាម៉ោង ២៣ និង ៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នករស់ជិតខាងបានឮសម្លេងស្រែកយំខ្លាំងៗ របស់កុមារាឈ្មោះ ផ្លាវ សុចិត្រា ចេញពីក្នុងផ្ទះ លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បាត់កុមារាខាងលើ មិនឃើញរត់លេងដូចរាល់ដង ដោយមានការសង្ស័យ ទើបឈ្មោះ ស គ ឡ
ជាអ្នករស់នៅជិតខាងបានរាយការណ៍ ដល់សមត្ថកិច្ចនគរបាល ចុះនាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើមកធ្វើការសាកសួរ។ ប្រភពបានបន្ថែមថា បន្ទាប់ពីធ្វើការសាកសួរ ម្ដាយចិត្តអប្រិយឈ្មោះ ហាក់ ហៃ បានសារភាពថា «នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ខ្លួនរួមរស់ជាឈ្មោះ យិន សុខលីន អាយុ ៣០ឆ្នាំ (ប្តីទី៤) ដំបូងឡើងប្តីមិនដែលបង្ហាញពីអារម្មណ៍ស្អប់ខ្ពើមកូនឈ្មោះ ផ្លាវ សុចិត្រា ទើបតែមួយរយៈចុងក្រោយនេះ ដោយសារឃើញរូបខ្លួនឆាតជាមួយឈ្មោះ ប៉ាត ផ្លាវ (ប្តីទី៣) ទើបគេមានការខឹងសម្បារ ហើយប្រើហិង្សាកុមារារងគ្រោះជាបន្តបន្ទាប់»។
ម្ដាយចិត្តអប្រិយរូបនេះបន្តថា «ជាក់ស្តែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង២០ និង ០០នាទី ឈ្មោះ យិន សុខលីន បានប្រើដៃម្ខាង (ដៃឆ្វេង) ចាប់ដៃខាងឆ្វេងកូនលើកយួរផុតពីកម្រាល(ដោយមិនបានត្រកងពីផ្នែកខាងក្រោម) ទេ ទៅដាក់លើភួយ ស្ថិតនៅជ្រុងខាងត្បូង ពេលនោះកូនក៏ភ្ងាក់ស្រែកយំ ប្តីបាននិយាយថា “អាត្រាស្ងាត់ កុំមាត់ ឆាប់គេង” ប៉ុន្តែកូននៅតែបន្តយំ ទើបប្តី ស្ទុះទៅវាយដើមទ្រូងកូនចំនួន ០១ដៃ ដោយប្រើដៃខាងស្តាំ  បន្ទាប់មកកូនស្រែកយំរឹតតែខ្លាំង ហើយគេបានយកដៃស្តាំច្របាច់ក ចំណែកដៃឆ្វេង ខ្ទប់មាត់ និងច្រមុះបានប្រហែល ២០វិនាទី ទើបដកដៃទាំងពីរចេញ បន្ទាប់មកយកដៃឆ្វេងចាប់លើកជើងកូន ខាងឆ្វេង ដាក់ក្បាលចុះក្រោមទល់និងខ្នើយ ហើយគេវាយដោយក្តាប់ដៃខាងស្តាំ ចំត្រង់ស្លាបប្រជៀវខាងឆ្វេង ចំនួន ០១ដៃ ហើយទាញកន្ត្រាក់បោះទៅលើកម្រាលបន្ទាប់មកវាយចំផ្នែកក្បាល និងគុម្ពត្រចៀកផ្នែកខាងឆ្វេងចំនួន ០១ដៃទៀត ភ្លាមនោះកូនក៏ប្រកាច់ក្បាលឡើងលើដកចង្ការមាន់ ហើយគេបានយកភួយទៅដណ្តប់ឱ្យកូន»។
ម្ដាយចិត្តអប្រិយនេះបានបញ្ជាក់ថា រូបខ្លួនពិតជាបានឃើញសកម្មភាពដូចបានរៀបរាប់ខាងលើពិតមែន ប៉ុន្តែមិនហ៊ានចូលទៅហាមឃាត់ប្តីដោយខ្លាចគេវាយធ្វើបាប ឬកាប់សម្លាប់ ពីព្រោះគេមានដាវសាំម៉ូរៃ ចំនួន ០១ដើម រក្សាទុកនៅលើធ្នើរដាក់ចានឆ្នាំងក្បែរដៃគេតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពខាងលើរួចហើយ ប្តីបាននាំខ្លួនចូលដេកដោយនិយាយថាកូនវាមិនអីទេ លុះម៉ោង០៤:០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទើបដឹងថា កូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ពេលបើកភ្លើងទូរស័ព្ទបញ្ចាំងមើលឃើញលាមកកូននៅលើកម្រាល ហើយពេលយកដៃច្រត់ដើមទ្រូងកូន ក៏មានហៀរទឹកនោមចេញមក បន្ទាប់មកខ្លួនបានយកកូនទៅងូតទឹកសំអាតខ្លួន ហើយពាក់ខោរអាវឱ្យ ទន្ទឹមនោះប្តី (ឈ្មោះ យិន សុខលីន) បានលើកដៃសំពះ និងនិយាយអង្វរថា “កុំប្តឹងប៉ូលីសអី គេមិនចង់ជាប់គុកទេ គេមិនរត់ទៅណាចោលរូបខ្លួនទេ គឺបន្តរស់នៅជាមួយគ្នារហូត”។  ដើមឡើយគិតថាទុកសពកូនដល់ពេលល្ងាច ក្នុងគោលបំណងហៅម្តាយមកកុហកថា កូនបានស្លាប់ដោយជម្ងឺ ប៉ុន្តែនៅម៉ោង០៨:០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សពកូនចាប់ផ្តើមមាន ក្លឹនតិចៗ ទើបខ្លួន និងប្តីសម្រេចយកសពទៅកប់ក្នុងដីជាប់និងលូបង្គន់ក្រោយផ្ទះ លុះដល់ម៉ោង១៦:៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាល ចុះនាំរូបខ្លួននិងប្តី មកធ្វើការសួរតែម្តង។ ដោយខ្លួនបានសារភាពថា អំពើខាងលើប្រព្រឹត្តតែម្នាក់ឯងដោយសារអាណិត និងស្រឡាញ់ប្តី ម្យ៉ាងទៀតគាត់មានកូនដើមត្រូវចិញ្ចឹម ចំណែកខ្លួនពុំមានកូននៅជាមួយទៀតទេ។
ម្ដាយចិត្តអប្រិយនេះបានបញ្ជាក់បន្ថែមថា រូបនាងធ្លាប់ប្រើហិង្សាជាច្រើនលើកទៅលើកុមាររងគ្រោះ តាំងពីគេមានអាយុ ០៨ខែ រហូតមកថ្ងៃស្លាប់ ដោយការប្រើហិង្សានោះគឺ នាងវាយកូនដោយប្រើដៃ ដោយប្រើរំពាត់ និងវាយដោយដើមដំឡូងមីជាដើម បណ្តាលកូនមានស្នាមដាច់រលាត់ និងស្នាមជាំលើដងខ្លួន។
ដោយឡែកឪពុកចុងចិត្តតិរច្ឆាន ឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំ បានឆ្លើយថា រូបគេធ្លាប់ប្រើហិង្សាលើកុមាររងគ្រោះ ប៉ុន្តែចំពោះករណីឃាតកម្មខាងលើនេះ គេមិនបានប្រព្រឹត្តនោះទេ។
ប្រភពបានបញ្ជាក់ថា តាមការពិនិត្យសាកសពកុមារារងគ្រោះ មានស្នាមជាំផ្នែកក្បាល និងផ្ទៃមុខផ្នែកខាងឆ្វេង, ស្នាមដាច់រលាត់ចុងភ្នែកឆ្វេង, បាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងមានស្នាមដាច់រលាត់កខាងស្តាំ។
វត្ថុតាងដកហូត៖ ដាវសាំម៉ូរៃ ចំនួន ០១ដើម ប្រវែង ៧០សម មុខកាត់ ៣.៥សមផងដែរ។
បច្ចុប្បន្នជំនាញ បាននឹងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការទៅលើ ម្ដាយឪពុកចិត្តតិរច្ឆានទាំងពីរនេះតាមនីតិវិធីហើយ៕KD

ព័ត៌មានពេញនិយម