ខេត្តសៀមរាប៖ កាលពីវេលាម៉ោង 01 និង 55 នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី 22 ខែមីនា ឆ្នាំ2024 មានករណីរថយន្ត Ford Ranger Raptor ស៊េរី ឆ្នាំ2021 ពណ៌ប្រផេះ ផ្លាកលេខ នគរបាល 2-7876 បុកគ្នាជាមួយម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1A-2874 បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រង់កជើង រួចបើករត់គេចចេញពីកន្លែងកើតហេតុមិនព្រមទទួលខុសត្រូវ រហូតមកដល់ពេលនេះភាគីខាងម៉ូតូថាមិនទាន់ទទួលបានការដោះស្រាយ តែសមត្ថកិច្ចជំនាញប្រាប់ថាដោះស្រាយគ្នារួចហើយ។ នេះបើយោងតាមការផ្សាយ របស់អង្គភាពសារព័ត៌មាន អិលអេសញ៉ូស(LS News) នៅវេលាម៉ោង 21 និង 00នាទីថ្ងៃទី 22 ខែមិនា ឆ្នាំ2024នេះ។
អង្គភាពសារព័ត៌មាន LS News ថា «មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពាក់ផ្លាកលេខនគរបាល 01គ្រឿង បុកគ្នាជាមួយម៉ូតូប្រជាពលរដ្ឋ 01គ្រឿង បានបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រង់កជើង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 01 និង 55 នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី22 ខែមីនា ឆ្នាំ2024 ស្ថិតនៅចំណុចមុខធនាគារជាតិកម្ពុជា ក្នុងទឹកដីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប»។សារព័ត៌មានដដែលបន្តថា «តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ រថយន្តពាក់ផ្លាកលេខនគរបាល 2-7876 មានទិសដៅពីលិចទៅកើត ចំណែកម៉ូតូសង់ឌ្រីមពាក់ផ្លាកលេខ សៀមរាប 1A-2874 មានទិសដៅពីជើងទៅត្បូង នោះមកដល់ត្រង់ចំណុចផ្លូវបំបែក ទល់មុខធនាគារជាតិកម្ពុជា ស្រាប់តែបុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រង់កជើង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯរថយន្តបង្កក្រោយពេលកើតហេតុមិននៅទទួលខុសត្រូវដោះស្រាយតាមនីតិវិធី បើករថយន្តគេចចេញពីកន្លែងកើតហេតុ។ ភ្លាមៗសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងធ្វើការវាស់វែងកត់កំណត់ហេតុដើម្បីបន្តតាមនីតិវិធី»។ សារព័ត៌មាន LS News បានបញ្ជាក់ថា «ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះក្រុមការងារសារព័ត៌មានយើងបានទំនាក់ទំនងទៅកាន់មន្ត្រីសមត្ថកិច្ចដើម្បីសាកសួរអត្តសញ្ញាណអ្នកបើកបររថយន្តពាក់ផ្លាកលេខនគរបាលខាងលើ ខាងសមត្ថកិច្ចបានបញ្ជាក់ថាករណីខាងលើនេះភាគីសងខាងបានដោះស្រាយរួចរាល់ហើយ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះជនរងគ្រោះមិនទាន់ទទួលបានការដោះស្រាយណាមួយនៅឡើយទេ ហើយជនរងគ្រោះបានស្នើសុំដល់អ្នកសារព័ត៌មានយើងផ្សាយដើម្បីឱ្យអ្នកបើកបររថយន្តបង្កខាងលើមកចូលខ្លួនដោះស្រាយតាមនីតិវិធី»។
ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅមិនទាន់ទទួលបាន ការបញ្ជាក់ពី លោកវរសេនីយ៍ទោ សោម វីរ: នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅឡើយទេ។មហាជនបានលើកឡើងថា តើអ្នកបើករថយន្តជានរណា? ជាមន្ត្រីនគរបាល ឬ មិនមែន? ប្រសិនបើជាមន្ត្រីនគរបាលគាត់មិនមែនមិនដឹងច្បាប់នោះទេ? តែបើជាជនស៊ីវិល ធ្វើដូចម្ដេចគាត់មានសិទ្ធិប្រើប្រាស់រថយន្ដផ្លាកលេខនគរបាលបាន? តើហេតុអ្វីបានជាគាគីខាងម៉ូតូថាមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ តែហេតុដូចម្ដេចបានជាសមត្ថកិច្ចថាករណីខាងលើនេះភាគីសងខាងបានដោះស្រាយរួចរាល់ហើយ? សំណួរទាំងអស់នេះមានតែ លោកវរសេនីយ៍ទោ សោម វីរ: និងជាពិសេស លោកឧត្តមសេនីយ៍ត្រី ជឹម សុវណ្ណ ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទេដែលអាចឆ្លើយបាន៕KD
ប្រភព៖ LS NEWS