Wednesday, December 11, 2024

កម្ពុជា ថៃពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ.!

MC ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌិរេក ប៊ុងកាន នាយក នាយកដ្ឋានព័ត៌មានកងទ័ពភូមិន្ទថៃ ព្រមទាំងវត្តមាន ប្រធានសេនានុព័ន្ធយោធាប្រចាំកម្ពុជា លោក វរសេនីយ៍ឯក ភិស្ណុ សារ៉ាក់ធី បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មានដើម្បីពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ពិសេស រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ទំនាក់ទំនងល្អរវាងកម្ពុជា ថៃ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌិរេក ប៊ុងកាន នាយក នាយកដ្ឋានព័ត៌មានកងទ័ពភូមិន្ទថៃ បានឱ្យដឹងថា ឯកឧត្ដមធ្លាប់បានបំពេញបេសកកម្មការងារ នៅកម្ពុជារយៈពេល ១១ ឆ្នាំកន្លងមកហើយៗបានត្រឡប់មកកម្ពុជាជាថ្មីម្តងទៀតនាពេលនេះ បានឃើញពីភាពរីក ចម្រើន និងកិច្ចអភិវឌ្ឍរបស់កម្ពុជា យ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ និងអគារខ្ពស់ៗ។ ទាក់ទងទៅនឹងទំនាក់ទំនងល្អលើវិស័យព័ត៌មាន នៃប្រទេសទាំងពីរ ថៃ កម្ពុជា ឧត្តមសេនីយ៍ឯក បានលើកពីកិច្ចសហការគ្នារវាងទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ថៃ និង ប៉ុស្តិ៍លេខ ៥ ខ្មែរ មានតាំងពីយូរមកហើយ និងកំពុងបន្តទៅមុខទៀត។ តាមរយៈនេះដែរ ខាងភាគីថៃ បានស្នើដល់ក្រសួងព័ត៌មាន ជួយតាម ដានព័ត៌មានមិនពិត ដំណឹងក្លែងក្លាយ ដែលពាក់ពន្ធ័ទៅនឹងប្រទេសយើងទាំង ដើម្បីមានវិធានការ ក្នុងការកែតម្រូវ កុំឱ្យមានការយល់ច្រឡំ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកពីកិច្ចសហការល្អរវាង ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ខ្មែរ និង ថៃ ក្នុងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ។ សម្រាប់ក្រសួងព័ត៌មានកម្ពុជា តែងតែយកចិត្តទុកដាក់តាមដាន ព័ត៌មានផ្សេងៗ ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងយកចិត្តទុកដាក់តាមដានពាក់ពន្ធ័ព័ត៌មានក្លែងក្លាយ ដើម្បីធ្វើការឆ្លើយ តប និងមានការកែតម្រូវ ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា ទំនាក់ទំនងល្អរវាង ព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ មានតាំងពីយូរមកហើយៗ រវាងក្រសួងព័ត៌មាន និង នាយកដ្ឋានព័ត៌មានកងទ័ពភូមិន្ទថៃ នឹងបន្តជំរុញធ្វើឱ្យរាល់កិច្ចសហប្រតិបត្តិការដែលមាន ស្រាប់ បានទទួលលទ្ធផល ល្អ ពិសេសរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ៕

ព័ត៌មានពេញនិយម