ខេត្តកំពង់ចាម៖ នៅទីបំផុតបុរសម្នាក់ដែលនៅក្នុងរូបថតមួយសន្លឹក ក្នុងចំណោមបុរសជាច្រើននាក់ ដែលហាក់កំពុងធ្វើដំណើរចេញពីព្រះវិហារមួយកន្លែង បង្ហាញនូវកាយវិការអសីលធម៌ មិនគោរពដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដោយពាក់ស្បែកជើង ដើរជាន់កំរាលឥដ្ឋការ៉ូ នៅក្នុងព្រះវិហារ រហូតផ្អើលដល់មហាជនចែករំលែកនៅលើបណ្ដាញសង្គមនានា ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីឆ្នើមរបស់កម្ពុជា ជាស្ថាបនិកសន្តិភាព ជាស្ថាបនិកនយោបាយឈ្នះឈ្នះរបស់កម្ពុជា ក៏បានធ្វើការប្រតិកម្ម យ៉ាងខ្លាំងថា «សង្ឃឹមថាថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានះនិងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋានះនោះឡើយ» នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ នោះគឺជា លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ដែលគេស្គាល់ថាជាស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសោះ។នៅថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ បានដឹងនិងទទួលនូវកំហុសរបស់លោក ដោយធ្វើលិខិតសូមខមាទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជុំវិញករណីពាក់ស្បែកជើងចូលព្រះវិហារ។ជុំវិញករណីនេះ គេពុំទាន់ឃើញមានការប្រតិកម្មណាមួយ ពីក្រសួងមហាផ្ទៃ ដែលជាអាណាព្យាបាលរបស់លោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទៅនឹងការសំណើ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឡើយទេនៅថ្ងៃដដែលនេះ។ក្នុងនោះផងដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែបង្ហោះសាររបស់ សម្ដេច ដដែល «ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ។សង្ឃឹមថាថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានៈនិង កាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋាន:នោះឡើយ» ដោយពុំមានអ្វីកើតដែរនោះឡើយ។
គេក៏នៅពុំទាន់ឃើញមាន សារថ្មីណាមួយរបស់សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការលើកលែងទោសចំពោះលោកឧត្តមសេនីយ៍ត្រីខាងលើនៅឡើយទេ គិតមកត្រឹម ម៉ោង ១៧ និង៥៥នាទថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២៤នេះ៕KD