ខេត្តសៀមរាប៖ បុរសជនជាតិបារាំង ដែលជាអ្នកលក់វត្ថុអនុស្សាវរីយ៍យីហោ”ម៉ាទីន” ម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ០៩ និង ០០ នាទី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិបារាំងដែលបានស្លាប់នោះមានឈ្មោះ LEVIFVE LAURENT JEAN MARC ADOLPHE អាយុ ៥៧ឆ្នាំ មុខរបរ លក់វត្ថុអនុស្សាវរីយ៍យីហោ “ម៉ាទីន” កាន់លិខិតឆ្លងដែនលេខ ២៣AC២០០៣៥ ស្នាក់នៅបណ្ដោះអាសន្ន ហាងលក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅភូមិ មណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពដដែលបានបន្តថា ស្ត្រីជនជាតិថៃ ឈ្មោះ MOMANEE DUANGCHAN អាយុ ៤៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ AD០១៤៣៤៨៣ ស្នាក់នៅបណ្ដោះអាសន្ន ហាងលក់វត្ថុអនុស្សាវរីយ៍ “ម៉ាទីន” ស្ថិតនៅភូមិ មណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប អះអាងថាមិត្តស្រីរបស់សពបានឲ្យដឹងថា «នាងខ្ញុំ និងគាត់(សព)បានរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធរយៈពេល១១ឆ្នាំមកហើយ តែពុំបានរៀបអាពាហ៍ពិពាហ៏នោះទេ ពួកយើងបានរស់នៅជាមួយគ្នានៅប្រទេសថៃ និងបើកហាងលក់វត្ថុអនុស្សារីយ៍នៅទីនោះ ព្រមទាំងបានបើកហាងបន្ថែមចំនួន២កន្លែងទៀតនៅក្នុងខេត្តសៀមរាបបានរយះពេល៣ខែមកហើយ ក្នុងអំឡុងពេលរស់នៅជាមួយគ្នា នាងខ្ញុំសង្កេតឃើញថាគាត់ពុំដែលមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែ រូបគាត់ជាមនុស្សចូលចិត្តពិសារស្រា និងជក់បារីជាប្រចាំ កាលពីអំឡុងខែកុម្ភះ ឆ្នាំ២០២៤ គាត់មានបញ្ហាសួតម្តង ពេលនោះនាងខ្ញុំបាននាំគាត់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសថៃ ដោយគ្រូពេទ្យបានបញ្ជាក់ថាគាត់មានជំងឺរលាកសួត និងអោយថ្នាំមកពិសារបន្តនៅផ្ទះសំរាប់ ១ខែ លុះដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ពួកយើងបានចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ ក្នុងគោលបំណងមកត្រួតពិនិត្យហាងខាងលើ លុះដល់វេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៤ គាត់មានអាការៈក្អក ហត់ ដង្ហក់ខ្លាំង ភ្លាមនោះ នាងខ្ញុំក៏បាននាំគាត់មកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រហូតដល់វេលាម៉ោង ៩ និង០០នាទីថ្ងៃខែឆ្នាំដដែល គាត់ក៏បានស្លាប់»។
ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចអាចសន្និដ្ឋានបានថា បុរសជនជាតិបារាំងដែលបានស្លាប់នោះ គឺដោយសារ រលាកសួតធ្ងន់ធ្ងរ។ បច្ចុប្បន្នសាកសពបានរក្សាទុក្ខបណ្ដោះអាសន្ននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បីរង់ចាំការសម្រេចរបស់ស្ថានទូតសាមី៕នាគស