ខេត្តសៀមរាប៖ ក្រុមប្រទេសនិយាយភាសារបារាំង ជ្រើសយកខេត្តសៀមរាប ធ្វើព្រឹត្តិការណ៍កីឡារត់ប្រណាំង (Raid Amazones) លើកទី៤ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី ផ្តល់ឲ្យស្ត្រីពីមជ្ឈដ្ឋានចម្រុះនូវឱកាសមួយ ជម្រុញដែនកំណត់របស់ពួកគេនៅក្នុងទីតាំងកម្រ និង អសកម្មនៅទូទាំងពិភពលោក នៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២៤នេះ។
ឯកឧត្តម នី ប៉ាលី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងតំណាងសហព័ន្ធកីឡា បានជួបសំណេះសំណាលជាមួយក្រុមកីឡារត់ប្រណាំង (Raid Amazones) លើកទី៤ មកពីបណ្តាប្រទេសនិយាយភាសារបារាំង ចំនួន២៧៦នាក់ នៅសណ្ឋាគារសុខាល័យ អង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។
លោក Debanne ប្រធាន ក្រុមហ៊ុនZBO បានមានប្រសាសន៍លើកពីគោលបំណង នៃកីឡារត់ប្រណាំង (Raid Amazones) ក្នុងការលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រីតាមរយៈកីឡា Raid Amazones និង ផ្តល់ឲ្យស្ត្រីពីមជ្ឈដ្ឋានចម្រុះនូវឱកាសមួយ ដើម្បីជម្រុញដែនកំណត់របស់ពួកគេនៅក្នុងទីតាំងកម្រ និង អសកម្មនៅទូទាំងពិភពលោក ។
ការប្រកួតកីឡានេះ គឺជាសកម្មភាពដែលបានផ្សព្វផ្សាយ លើកកម្ពស់ និង គាំទ្រស្ត្រី ឲ្យពួកគាត់កាន់តែរឹងមាំ និងហ៊ានបញ្ចេញពីសមត្ថភាព ភាពក្លាហានដែលខ្លួនមានដូចជាបុរស ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏បានលើកស្ទួយ និងឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពប្រកួតប្រជែងលើវិញ្ញាសាមួយចំនួនដូចជា ការសិក្សា ស្រាវជ្រាវមុននឹងចូលរួមប្រកួត ការអនុវត្តផ្ទាល់លើវិញ្ញាសាផ្សេងៗ ដំណើរស្វែងរកការពិតពីប្រវត្តិសាស្រ្តដែលបុព្វបុរសខ្មែរ បានបន្សល់ទុកដល់សព្វថ្ងៃ និងសកម្មភាពសប្បុរសធម៌នានា ។
ឯកឧត្តម យុន លីនណេ អភិបាលរងខេត្ត ក៍បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ នេះ បានជួយផ្សព្វផ្សាយពីរូបភាពដ៏ស្រស់ត្រកាលនៃ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានភាពល្បីល្បាញនៃប្រាង្គប្រាសាទដ៏មហិមា ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏រុងរឿងជាច្រើនទៀតផង ។ ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លា នៃព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Raid Amazones)នេះ កីឡា និង ការផ្សងព្រេងឆ្លងផុតព្រំដែនយេនឌ័រ ជាការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍផ្ទាល់ខ្លួន និងការស្វែងរកខ្លួនឯង៕KD
ប្រភព៖ ក្រសួងទេសចរណ៍