Wednesday, December 11, 2024

មេដឹកនាំយោធា មីយ៉ាន់ម៉ា នឹងទៅបំពេញទស្សនកិច្ចនៅ រុស្ស៊ី!

មេដឹកនាំនៃឧត្តមសេនីយដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ានឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយ សម្រាប់កិច្ចពិភាក្សាសេដ្ឋកិច្ច ខណៈដែលរដ្ឋាភិបាលទាំងពីរប្រឈមមុខនឹងភាពឯកោខាងការទូតជុំវិញសកម្មភាពយោធានិយម។

សារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ឧត្តមសេនីយ៍ មីន អ៊ុង ហ្លេង Min Aung Hlaing នឹងចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុងវ្លាឌីវ៉ូស្តុក ភាគខាងកើតប្រទេសរុស្សុី។

ជាមួយគ្នានោះ តំណាងមកពីប្រទេសចិន ឥណ្ឌា ជប៉ុន កាហ្សាក់ស្ថាន និងប្រទេសផ្សេងទៀតក៏នឹងចូលរួមផងដែរ។

សេចក្តីរាយការណ៍ព័ត៌មានបាននិយាយថា ឧត្តមសេនីយ៍មីន អ៊ុង ហ្លេង នឹងជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ីដើម្បី “ពង្រឹងកិច្ចសហប្រតិបត្តិការ” និង “ទំនាក់ទំនងមិត្តភាព” រវាងសេដ្ឋកិច្ច និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

គួររំលឹក ចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈឆ្នាំមុន មីយ៉ាន់ម៉ាបានប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងការធ្លាក់ចុះនៃទំនាក់ទំនង។

ហើយ លោក Min Aung Hlaing ទំនងជាមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ដោយក្រុមនេះមានការខកចិត្តចំពោះការខកខានរបស់ឧត្តមសេនីយក្នុងការធ្វើឱ្យមានការរីកចំរើនលើកិច្ចព្រមព្រៀងដែលមានគោលបំណងដោះស្រាយបញ្ហានយោបាយនៃវិបត្តិក្នុងប្រទេស៕

ព័ត៌មានពេញនិយម