ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក បានចាប់ផ្តើមកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ដែលដឹកនាំដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោក Pierre VINCENT ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ជាកិច្ចចាប់ផ្តើមសន្ទរកថាដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន លោកបានរំឭកពីការងារមួយចំនួនដែលជប៉ុនបានចូលរួម ក្នុងរមណីយដ្ឋានអង្គរជាង៣០ឆ្នាំមកនេះ។ លោកបន្តថា ពីឆ្នាំ១៩៩៤មក ជប៉ុនបានសហការជាមួយអាជ្ញាធរជាតិអប្សរា ជួសជុលការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ សមិទ្ធផលដែលលេចធ្លោជាងគេ គឺការងារជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមាន២ដំណាក់កាល និងត្រូវបានដាក់សម្ពោធជាផ្លូវការនៅខែធ្នូ ឆ្នាំ២០២៣។
ជាមួយគ្នានោះលោក TANINAI Ichitomo ក៏បានរំឭកលើកិច្ចសហប្រតិបត្តិការនៅ រមណីយដ្ឋានសំបូរព្រៃគុកផងដែរ ហើយលោកថាកិច្ចសហប្រតិបត្តិការនឹងបន្តជារហូត ក្នុងបុព្វហេតុរួមចំណែកអភិរក្សសម្បត្តិបេតិកភណ្ឌកម្ពុជាឱ្យមាននិរន្តរភាព និងចីរភាព។
សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ នៅថ្ងៃទី១៥ ខែមីនា ក៏នឹងមានកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ មុននឹងមានកិច្ចប្រជុំផ្លូវការនេះឡើង ក្រុមអ្នកជំនាញការចំពោះកិច្ចខាងផ្នែកអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព បានចុះទៅតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ដើម្បីត្រួតពិនិត្យការងារ តាមដាន និងផ្ដល់អនុសាសន៍លើការងារទាំងនោះឱ្យស្របតាមគោលការណ៍ជារួមក្នុងធម្មនុញ្ញអង្គរ៕KD
អត្ថបទ៖ នាង សំណាង
រូបភាព៖ រដ្ឋ ផល្លីន, ហាប់ គឹមអាន