ខេត្តសៀមរាប៖ បុគ្គល ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក និងបក្ខពួកចំនួន២នាក់ ត្រូវបានបញ្ជូនទៅពន្ធធនាគារ បន្ទាប់ពីតុលាការសម្រេចចោទប្រកាន់បីបទល្មើស។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ស្តីពី ចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងឈ្មោះ ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤។លិខិតរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាបបាន ទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ, ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានចោទ ប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និង មាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ, បទ “សម្អាតប្រាក់” តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
លិខិតដដែលបន្តថា «បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០៣ នាក់ខាងលើជា បណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់»។
លិខិតបញ្ជាក់ជូនបន្ថែមថា «សាលាដំបូងខេត្តសៀមរាបនឹងបន្ត ចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។ សាលាដំបូងខេត្តសៀមរាបនឹងជម្រាប ជូនព័ត៌មានជាបន្តបន្ទាប់ក្រោយទៀត នៅពេលមានចំណាត់ការថ្មី»៕KD