Friday, November 22, 2024

ឧកញ៉ា ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុន «ប្រ៊ីនលាន ស៊ីធីវើល ឯ.ក» និងបក្ខពួក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនហើយ

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួន ឧកញ៉ា ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុន «ប្រ៊ីនលាន ស៊ីធីវើលដ៍ ឯ.ក» និងបក្ខពួក តាមអំណាចដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃដដែលនេះ។លិខិតប្រកាសបានឱ្យដឹងថា «អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនបណ្តាញ សារព័ត៌មាន និងសាធារណៈជន ឲ្យបានជ្រាបថា៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននរគបាលខេត្ត សៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនទ្រីលានស៊ីធីវើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប»។

លិខិតប្រកាសដដែលបន្តថា «ដោយផ្អែកតាម ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។

លិខិតប្រកាស របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ជនសង្ស័យ និងបក្ខពួក ត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ហើយអយ្យការ នឹងជូនព័ត៌មានដើម្បីឲ្យសាធារណៈជនជ្រាបពីចំណាត់ការជាបន្តបន្ទាប់នូវសំណុំរឿងនេះ៕KD

ព័ត៌មានពេញនិយម