Saturday, November 23, 2024

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ថាការពង្រឹងសមត្ថភាពមន្ត្រីរបស់យើង ទៅលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃនេះ ជាការចាប់ផ្តើមនូវទំព័រថ្មី អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល កែទម្រងស៊ីជម្រៅ

ខេត្តសៀមរាប៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាការពង្រឹងសមត្ថភាពមន្ត្រី របស់យើង ទៅលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃនេះ វាជាការចាប់ផ្តើមនូវទំព័រថ្មី របស់ក្រសួងយើងដោយអនុវត្តទៅលើគោលនយោបាយ របស់រាជរដ្ឋាភិបាល កែទម្រងស៊ីជម្រៅពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមស្ថាប័ននីមួយៗ។ ថ្លែងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលាមួយដែលនឹងមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១១-១២ ខែមិនា ឆ្នាំ២០២៤ ស្តីពី ថវិកាសមិទ្ធកម្ម «កំណែទម្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងព័ត៌មាន» នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មី បានដឹកនាំបន្តនូវគោលនយោបាយកំណែទម្រងហិរញ្ញវត្ថុសាធារណៈចំនួន ៤ គឺយើងអាចនិយាយបានថា កំណែទម្រង ៣+១ ។ នោះគឺសំដៅទៅលើកំណែទម្រងរដ្ឋបាលសាធារណៈ កំណែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រងវិមជ្ឈការនិងវិសហមជ្ឈការ ហើយមួយថែមទៀត នោះគឺការកំណែទម្រងវិស័យយុត្តិធម៌។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបន្តថា នេះគឺជាកំណែទម្រងដ៏ធំរបស់រាជរដ្ឋាភិបាល ចំពោះការដំណើរការកំណែទម្រងទាំងនេះ បើសិនជាយើងពិនិត្យមើល មិនមែនទើបតែធ្វើរយៈពេល ២០ឆ្នាំចុងក្រោយនេះទេ តែ ២០ឆ្នាំ ចុងក្រោយនេះ គឺរាជរដ្ឋាភិបាលបានកំណត់ច្បាស់លាស់ ពោលគឺការផ្លាស់ប្តូរពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចសេរី៊ នៅក្នុងដំណើរការផ្លាស់ប្តូររបបរបស់យើង គឺបានផ្លាស់ប្តូររបបរបស់យើងពី សាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា តាំងពីឆ្នាំ១៩៨៩មកម្លេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាយន្តការដ៏សំខាន់ ដែលជួយទ្រទ្រង់ដល់ដំណើរការ កំណែទម្រង់ស្ថាប័នទាំងមូលប្រកបដោយប្រសិទ្ធិភាព ការពង្រឹងគុណភាពអភិបាលកិច្ចល្អ និង ការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំមួយ ដែលអនុញ្ញាតឱ្យរាជដ្ឋាភិបាលអាចលើកកម្ពស់ជីវភាពរស់នៅ និងការបម្រើសេវាសាធារណៈជូនប្រជាជនបានកាន់តែប្រសើរឡើង។ ការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៤ ក្នុងគោលដៅប្រែក្លាយប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាជាជំហ៊ានៗ ឆ្ពោះទៅកាន់ប្រព័ន្ធថវិកាផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម នឹងវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្ដមានុវត្តអន្តរជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា ថវិកាសមិទ្ធកម្ម គឺជាការរៀបចំកញ្ចប់ថវិកា ដោយមានការផ្សារភ្ជាប់ទៅនឹងសមិទ្ធកម្មដែលក្រសួងបានស្នើឡើង ឬបានសម្រេចកន្លងមក។ ក្នុងន័យនេះ សូមឱ្យការរៀបចំថវិកាសមិទ្ធកម្មរបស់យើង ដោយត្រូវបង្កើនការយកចិត្តទុកដាក់ផ្តោតលើអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានចរិកផ្សារភ្ជាប់ជាមួយគោលនយោបាយជាតិ និងថវិកាសមិទ្ធកម្មរយៈខ្លី និងមធ្យមរបស់ក្រសួង ត្រូវបន្ស៊ីគ្នាជាមួយគោលនយោបាយរបស់ក្រសួង ហើយក្រសួងព័ត៌មាន នឹងបន្តរៀបចំផែនការយុទ្ធសាស្ត្រ របស់ខ្លួន ដើម្បីតម្រង់ទិសដៅការងារឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាព៕

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត

ព័ត៌មានពេញនិយម