រាជធានីភ្នំពេញ៖ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ត្រូវបានមន្ត្រីគយ និងរដ្ឋាករ ឃាត់ខ្លួន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់រកឃើញគ្រឿងញៀនចំនួន ៣៥កញ្ចប់ រុំជាប់នឹងដងខ្លួន កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
អ្នកនាំពាក្យ នាយកដ្ឋានគយ និងរដ្ឋាករ នៃអាកាសយានដ្ឋានអន្តរជាតិ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ បានឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ម្នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ K6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករបានរកឃើញម្សៅពណ៌សចំនួន ៣៥កញ្ចប់ រុំជាប់នឹងដងខ្លួន។
អ្នកនាំពាក្យបន្តថា តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine មានទម្ងន់ ៤ ៩៦៥,៣០ ក្រាម។
អ្នកនាំពាក្យបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រងថែរក្សានិងចាត់ការបន្តតាមនីតិវិធីច្បាប់៕KD