Saturday, November 23, 2024

អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចូលគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

រាជធានីភ្នំពេញ៖ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចូលគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារ បានសម្ដែងនូវការគោរពចំពោះព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសមាណទុក្ខដ៏មហាក្រៀមក្រំ សោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គត របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អគ្គនាយក បានសម្ដែងនូវការការសោកស្ដាយក្រៃលែង «ការយាងចូលព្រះទិវង្គតរបស់សម្ដេច គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តម ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន លើសពីនេះ ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត លះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត។ បន្ថែមលើសពីនេះទៀត ព្រះអង្គក៏បានជួយជ្រោមជ្រែងលើកិច្ចការអភិរក្សនៅប្រាសាទលលៃ និងព្រះវិហារវត្តលលៃ ឱ្យសក្ដិសមជាបេតិកភណ្ឌពិភពលោក»។

ឯកឧត្តម ហង់ ពៅ អគ្គនាយក និងក្រុមការងារអាជ្ញាធរជាតិអប្សរា ក៍បានវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕KD

ព័ត៌មានពេញនិយម