Friday, November 22, 2024

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មិនទាន់សម្ភោធឱ្យប្រើប្រាស់អាគារថ្មី ជាផ្លូវការផង បុរសអ្នកនេសាទម្នាក់សម្រេចយកជាកន្លែងធ្វើអត្តឃាត បញ្ចប់ជីវិតខ្លួនឯងយ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ បុរសអ្នកនេសាទម្នាក់សម្រេចយកអាគារថ្មី មិត្តភាព ជប៉ុន-កម្ពុជា របស់គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមិនទាន់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការផង (ការបញ្ជាក់ពី លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៤) ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងយ៉ាងអាណោចអាធ័ម ដោយលោតពីលើបង្កាន់ដៃជាន់ទី៣ ដែលមានកម្ពស់១៨ម៉ែត្រពីដី នៃអាគារនេះ នៅវេលាម៉ោង ០៥ និង ១០នាទីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៤។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ជឿន ធឿន អាយុ៥៤ឆ្នាំ មុខរបរ នេសាទ មានទីលំនៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ប្រភពដដែលបានបន្តថា ពីរកន្លែងកើតហេតុសមត្ថកិច្ចទទួលបានការបំភ្លឺពីបុរសអ្នកជំងឺដូចគ្នា មានឈ្មោះ អ៊ុំ បូរី អាយុ៣៤ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅភូមិព្រៃចាស់ សង្កាត់់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ថា «នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៨ និង៤០នាទី ខ្ញុំបាទបានមករកសេវាព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈពេលខ្ញុំបាទបានមកដល់មន្ទីរពេទ្យ ហើយខ្ញុំបាទបានប្រាប់ពីអាការៈជម្ងឺរបស់ខ្ញុំទៅក្រុមគ្រូពេទ្យ ពេលនោះក្រុមគ្រូពេទ្យបានប្រាប់ថា “ឱ្យខ្ញុំបាទសម្រាកនៅមន្ទីរពេទ្យ ០៤ទៅ០៥ ថ្ងៃសិន ដើម្បីតាមដានជម្ងឺ លុះនៅវេលាម៉ោង១៦ និង៣០នាទី ក្រុមគ្រូពេទ្យបានបញ្ជូនខ្ញុំបាទទៅថតអេកូរ មួយសន្ទុះក្រោយមកក្រុមគ្រូពេទ្យបានប្រាប់ខ្ញុំបាទថា រូបខ្ញុំកើតជម្ងឺបូសអន្ទង់ តម្រូវឱ្យខ្ញុំបាទមកដេកសម្រាកនៅមន្ទីរពេទ្យ បន្ទាប់មកក្រុមគ្រូពេទ្យបានបញ្ជូនខ្ញុំបាទមកដេកសម្រាកនៅអាគារជាន់ទី៣ បន្ទប់លេខ៥ គ្រែលេខ២៨ ខណៈពេលមកដល់ ខ្ញុំបាទបានឃើញអ្នកជម្ងឺម្នាក់ឈ្មោះ ជឿន ធឿន ភេទប្រុស អាយុ ៥៤ឆ្នាំ (សព) ដេកសម្រាកនៅគ្រែលេខ ២៥ ដោយពេលនោះខ្ញុំបាទបានដឹងពីប្រពន្ធរបស់គាត់បានប្រាប់ថា ប្ដីរបស់គាត់កើតជម្ងឺបូសអន្ទង់ដែរ” នឹងសម្រាកព្យាបាលបាលនៅទីនោះដែរ ។ ជាក់ស្តែងនៅវេលាម៉ោង០៥ និង១៧នាទី ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ខណៈពេលខ្ញុំបាទកំពុងដេកលក់ ស្រាប់តែបានសម្លេងអ្នកជម្ងឺស្រីម្នាក់ឈ្មោះ ពេក សរ ភេទស្រី អាយុ ៣១ឆ្នាំ ដេកគ្រែលេខ ២៧ ក្បែរបង្អួចនៅទិសខាងកើតទល់និងគ្រែរបស់ខ្ញុំបាទ បានស្រែកថា ហេពូជាច្រើនដង ភ្លាមនោះខ្ញុំបាទក៏បានភ្ញាក់ពីដេក ហើយអើតមើលទៅបង្អួចដែលមានរានហាលនៅខាងក្រៅ ឃើញអ្នកជម្ងឺឈ្មោះ ជឿន ធឿន (សព) កំពុងយកជើងខាងស្តាំគងលើបង្កាន់ដៃ ចំណែកឯដៃទាំង០២ របស់គាត់ចាប់ច្រត់លើបង្កាន់ដៃប្រឹងយងខ្លួនឡើងលើ ពេលនោះខ្ញុំបាទបានងាកមក ប្រុងដោះសេរ៉ូមចេញ តែមិនទាន់បានដោះផង ស្រាប់តែងាកទៅវិញអ្នកជម្ងឺឈ្មោះ ជឿន ធឿន (សព) បានធ្លាក់ទៅក្រោមបាត់ ពេលនោះខ្ញុំបាទបានឃើញប្រពន្ធរបស់គាត់បានស្រែកឆោឡោ ហើយរត់ចុះទៅក្រោម ក្រោយមកទើបខ្ញុំបាទដឹងថា អ្នកជម្ងឺឈ្មោះ ជឿន ធឿន បានស្លាប់បាត់ទៅហើយ »។
ជាមួយគ្នានោះផងដែរ សមត្ថកិច្ចក៍ទទួលបានការបំភ្លឺពីកូនស្រីបង្កើតរបស់សព ដែលមានឈ្មោះ ធឿន គឹមហ៊ាក អាយុ ២២ឆ្នាំ មុខរបរ និស្សិត មានទីលំនៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ផងដែរថា «សព្វថ្ងៃម្ដាយឪពុករបស់នាងខ្ញុំមានកូនសរុបចំនួន ០៦នាក់ ដោយស្រីចំនួន០៥នាក់ និងប្រុសចំនួន ០១នាក់ ហើយនាងខ្ញុំ គឺជាកូនទី០៣ ។ កន្លងមកម្ដាយ និងឪពុករបស់នាងខ្ញុំ មិនដែលមានទំនាស់ក្នុងគ្រួសារនោះទេ ។ នៅក្នុងអំឡុងឆ្នាំ២០២២ ឪពុករបស់នាងខ្ញុំ ឈ្មោះ ជឿន ធឿន (សព) ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរនេសាទ រស់នៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានកើតជម្ងឺបូសអន្ទង់ក្នុងរុនគូទ បណ្តាលឱ្យរូបគាត់មានការឈឺចាប់ក្នុងការបន្ទោលបង់ ហើយម្តាយរបស់នាងខ្ញុំ ក៏បាននាំរូបគាត់ទៅ ព្យាបាលនៅមន្ទីរពេទ្យផ្សេងៗ ប៉ុន្តែព្យាបាលមិនជាសោះ រហូតមកដល់ពេលបច្ចុបន្ននេះ ។ លុះដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នាងខ្ញុំ និងម្តាយ បាននាំឪពុករបស់នាងខ្ញុំ ឈ្មោះ ជឿន ធឿន (សព) មកព្យាបាលជម្ងឺបូស អន្ទង់ក្នុងរុនគូទ និង ហើមពោះ នៅមន្ទីរបង្អែកខេត្តសៀមរាប ដោយពេលនោះ លោកគ្រូពេទ្យ បានឱ្យឪពុកនាងខ្ញុំ សម្រាកព្យាបាលនៅអាគារធំថ្មីជាន់ទី៣ ។ បន្ទាប់មកខាងគ្រូពេទ្យបានឱ្យរូបគាត់សម្រាកលើគ្រែ ដាក់សេរ៉ូម និង ថ្នាំលេប ។ ក្រោយមកអាការៈរបស់គាត់មានការធូស្រាលជាមុន ។ ជាក់ស្តែងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឪពុកនាងខ្ញុំ បានអង្វរទាមទាចង់ទៅផ្ទះវិញ ប៉ុន្តែម្តាយនាងខ្ញុំមិនព្រមនោះទេ ដោយសាររូបគាត់ចេះតែឡើងឈាម ហើយម្តាយនាងខ្ញុំនិយាយបន្ថែមទៀតថា ឱ្យតែឪពុកនាងខ្ញុំចុះឈាមវិញ រូបគាត់និងយកទៅផ្ទះវិញ ។ ខណៈពេលនោះ ឪពុកនាងខ្ញុំមានសភាពដូចជាស្រងូតស្រងាត់ មិនសូវនិយាយស្តី រហូតដល់វេលាម៉ោង០៥ និង៥៤នាទីព្រឹក ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៤ ម្តាយរបស់នាងខ្ញុំ បានខលទូរស័ព្ទមករូបខ្ញុំដោយនិយាយថា ឪពុករបស់នាងខ្ញុំបានលោតពីលើអាគារពេទ្យជាន់ទី៣ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតទៅហើយ ភ្លាមនោះដែរ នាងខ្ញុំក៏បានជិះម៉ូតូមកមន្ទីរពេទ្យតែម្តង ។ ពេលមកដល់មន្ទីរពេទ្យ ទើបដឹងថា ឪពុករបស់នាងខ្ញុំ បានស្លាប់បាត់បងជីវិតដោយធ្វើអត្តឃាតស្លាប់ខ្លួន លោតពីលើអារគាពេទ្យជាន់ទី៣ បណ្តាលឱ្យស្លាប់ពិតប្រាកដមែន »។
ប្រភពបន្ថែមថា នៅក្នុងបន្ទប់តម្កល់សាកសព ជំនាញបានពិនិត្យរកឃើញថា មានស្នាមដាច់រយាសចេញឈាម
ក្បាលផ្នែកខាងស្ដាំ មានប្រវែង០៩សង់ទីម៉ែត្រ ។ ផ្នែកក ពុំមានស្លាកស្មាមអី្វនោះទេ ។ ផ្នែកដងខ្លួន ពុំមានស្លាកអ្វីនោះឡើយ។ ផ្នែកអវះយវះ ដៃខាងស្ដាំបាក់ ជើងទាំងសងខាងបាក់ ដោយជើងខាងស្ដាំខាងលើក្បាលជង្គង់មានស្នាមដាច់រយៈចេញឈាមប្រវែង៨សង់ទីម៉ែត្រ នឹង លើស្មងជើងខាងឆ្វេងមានស្នាមដាច់រយៈចេញឈាមប្រវែង០៩សង់ទីម៉ែត្រ នឹងមិនមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ ។
ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី តាមការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព នឹងតាមការបញ្ជាក់ពីលោកគ្រូកោសល្យវិច្ច័យខេត្តសៀមរាប សមត្ថកិច្ចអាចសន្និដ្ឋានបានថា បុរសខាងលើស្លាប់ដោយសារ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ នឹង បែកបាក់ឆ្អឹងច្រើនកន្លែង ពិតប្រាកដមែន។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕នាគស

ព័ត៌មានពេញនិយម