ខេត្តសៀមរាប៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដោយមានការអញ្ជើញចូលរួមពីតំណាងអន្តរក្រសួង រួមមាន ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តសៀមរាប តំណាងមន្ទីរសុខាភិបាលខេត្តសៀមរាប អគ្គស្នងការនគរបាលជាតិខេត្តសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ សរុបប្រមាណ២៥០រូប នៅសាលាខេត្តសៀមរាប នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ។កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពការងារតាមផ្នែកនីមួយៗ និងការជំរុញកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដូចជាការងារសម្របសម្រួលរៀបចំទទួលបដិសណ្ឋារកិច្ចជូនគណៈប្រតិភូ ការងារផ្សព្វផ្សាយ និងការផ្សាយផ្ទាល់ពិសេស ការគ្រប់គ្រង និងសម្របសម្រួលអំឡុងពេលកម្មវិធី ការតុបតែងផ្សព្វផ្សាយតាមដងផ្លូវ និងការចងបដានានា ការងារបរិស្ថាន អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ ការងារសុខាភិបាល ការរៀបចំត្រៀមឡានសង្គ្រោះបន្ទាន់តាមគោលដៅសំខាន់ៗ កម្មវិធីសម្តែងសិល្បៈ និងការសម្តែងសាកល្បង និងការចុះត្រួតពិនិត្យទីតាំងជាដើម ដើម្បីឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធិភាពខ្ពស់ ក៏ដូចជាជំរុញភាពទាក់ទាញក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប និងចូលរួមជំរុញយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ គឺធ្វើឡើងដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិធីកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ផងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបុណ្យទន្លេលើកទី៨ រួមជាមួយការប្រកាសបើកយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤” នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ផងដែរ៕KD
ប្រភព៖ ក្រសួងទេសចរណ៍