រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ គ.ល.ក រកឃើញការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញ ដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក ប្រព័ន្ធតេលេក្រាម និងបណ្តាញសង្គមយូធូប(Youtube) ចំនួន ២៥ បានធ្វើសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។ នាបអាយោងតាមកាយដឹងពីគេហទំព័រផ្លូវការរបស់ គ.ល.ក នារសៀលថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០២៤។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញ ដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក ប្រព័ន្ធតេលេក្រាម និងបណ្តាញសង្គមយូធូប(Youtube) ចំនួន ២៥ ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (1)CamCoka-VIP (2)Maxclub-34 (3)Hidden Secret (4)Gaming – EZ Bonuss (5)FF96 Pro2880 (6)ភ្នាល់កាស៊ីណូឈ្នះៗ (7)ភ្នាល់ស្លត់កាស៊ីណូ (8)ភ្នាល់បាញ់ត្រីអនឡាញ (9)មាន់ជល់លំដាប់១ (10)Gobet777.live (11)KH Master Online (12)UUWON Media (13)Cambo8 Wallet (14)បក្សីទេព SB24 (15)Lotto999kh (16)ក្រុមហ៊ុនល្បែងអនឡាញគ្រប់ប្រភេទ មករា (17)Ibet789 វេបសាយភ្នាល់បាល់ (18)Crown88 H1001 (19)Kae Ry (20)0_0 HHHH (21)PP9 (22)Baccarat Hacker Ai2888 (23)I.Sports Bet (24)ចាក់ខ្លាឃ្លោកតាមទូរស័ព្ទ និង(25)P99 ពិភពហ្គេម ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក បញ្ជាក់ថា ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចៀសវាងការចូលរួមលេង ឬចូលរួមសកម្មភាពក្នុងដំណេីរការល្បែងស៊ីសងខុសច្បាប់ខាងលេីនេះ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពង្រឹងការតាមដាន និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ខាងលេីនេះតាមនីតិវិធីច្បាប់ជាធរមាន៕នាគស
ប្រភព៖ គ.ល.ក