រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ០១ ខែមិនា ឆ្នាំ២០២៤កន្លងទៅ កាសែតភ្នំពេញប៉ុស្តិ៍ប្រកាសបិទជាស្ថាពរ បានធ្វើឲ្យមហាជន ក៍ដូចជាក្រុមអ្នកកាសែតជើងចាស់ សម្ដែងនូវការសោកស្ដាយជាពន់ពេក ។
ឯកឧត្តម ខៀវ កាញារិទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្ដែងនូវការសោកស្ដាយដោយបង្ហោះពាក្យថា «សែនសោកស្ដាយ»។
ដោយឡែក លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានព្រឹត្តការណ៍សំខាន់ៗលើពិភពលោក បានលើកឡើងថា «ទោះជាពិភពលោកដើរកាន់តែលឿនលើបច្ចេកវិទ្យាឌីជីថល និងការកើនចំនួនសារព័ត៌មានអនឡាញ ការបាត់បង់កាសែតបោះពុម្ពដែលមានវ័យចំណាស់ជាង៣០ឆ្នាំ ពិតជាគួរឲ្យសោកស្តាយណាស់។ កាលពីចុងឆ្នាំ២០២១ កាសែតរស្មីកម្ពុជា បានបញ្ឈប់ការបោះពុម្ពផ្សាយ ហើយដល់ចុងឆ្នាំ២០២៣ ក៏បញ្ឈប់ចេញផ្សាយទាំងស្រុងសូម្បីតែតាមអនឡាញ។ កាសែតរស្មីកម្ពុជាមានអាយុត្រឹម៣០ឆ្នាំ»។
ទោះបីជាយ៉ាងណាមហាជនបានសំដែងនូវការសោកស្ដាយឥតឧបមា ចំពោះការបោះបង់ចោលនូវវិថីព័ត៌មានមួយដែលបានដំណើរការរាប់ទសវត្សរ៍មកហើយនេះ។ នេះសបញ្ជាក់ឲ្យឃើញថា កម្ពុជាមានការរីកចម្រើនខ្លាំង លឿនទៅមុខលើគ្រប់វិស័យ ក្នុងនោះបច្ចេកវិទ្យាគឺជាមុំមួយនៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និតិកាលទី៧ ដែលបាននឹងកំពុងជំរុញយុវជននិងអ្នកបង្កើតមាតិកាថ្មីៗ ឱ្យដើរលឿនទៅមុខ ប៉ុន្តែអ្នកទាំងនោះ ធ្លាប់ទទួលបាននូវបទពិសោធន៍និងចំណេះដឹងជាច្រើនអំពី អ្នកនិពន្ធនិងអ្នកផលិតកាសែត បែបបូរាណទាំងនោះកន្លងមកផងដែរ៕KD
