Friday, November 22, 2024

ជនជាតិ អង់គ្លេសម្នាក់ ស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ខេត្តសៀមរាប៖ ជនជាតិ អង់គ្លេសម្នាក់ ត្រូវបានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបនៅវេលាម៉ោង ០៩ និង០០នាទីថ្ងៃទី០១ ខែ មិនា ឆ្នាំ២០២៤ នេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពឈ្មោះ MURRAY CHRISTOPHER WILLIAMS RALPH ភេទប្រុស អាយុ ៦៤ ឆ្នាំ កម្ពស់ ១.៨៦ម  មុខរបរ គ្មាន ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ ១២៣៥៣២២៣២ ស្នាក់នៅបណ្ដោះអាសន្នផ្ទះរបស់មិត្តស្រី ស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា ឈ្មោះ ហោ សាវេន ភេទស្រី អាយុ ៤៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលអ:អាងថាត្រូវជាមិត្តស្រីរបស់សពបានឱ្យដឹងថា នាងខ្ញុំបានស្គាល់និងរួមរស់នៅជាមួយគាត់ដូចប្ដីប្រពន្ធអស់រយៈពេលជិត ២០ឆ្នាំមកហើយនិងមានកូនស្រីម្នាក់អាយុ១១ឆ្នាំ អំឡុងពេលរស់នៅជាមួយគ្នាខ្ញុំដឹងថាគាត់មានជំងឺប្រចាំកាយក្រពះ ថ្លើមនិងប្លោកនោម គាត់តែងតែលេបថ្នាំពេទ្យរៀងរាល់ថ្ងៃ លុះនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤អាការៈរបស់គាត់បានធ្វើទុកខ្លាំងខ្ញុំក៏បាននាំគាត់មកព្យាបាលនិងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់តាំងពីមកសម្រាកក្នុងមន្ទីរពេទ្យជាច្រើនថ្ងៃមកអាការៈរបស់គាត់ពុំបានធូរស្រាលឡើយ ហើយក្រុមគ្រូពេទ្យបានបញ្ជាក់ថាគាត់មានជំងឺមហារីកប្លោកនោមដំណាក់កាលចុងក្រោយ ជាក់ស្ដែងនៅថ្ងៃទី១ ខែមិនា ឆ្នាំ ២០២៤ វេលាម៉ោង ៩ និង ០០ នាទីគាត់ក៏បានស្លាប់ទៅ។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចអាចសន្និដ្ឋានបានថា បុរសជនជាតិ អង់គ្លេសខាងលើ ស្លាប់ដោយសារ មហារីកប្លោកនោមដំណាក់កាលចុងក្រោយ។ បច្ចុប្បន្នសាកសពបានរក្សាទុក្ខបណ្ដោះអាសន្ននៅផ្ទះសពក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំការសម្រេចរបស់ស្ថានទូតសាម៉ី៕KD

ព័ត៌មានពេញនិយម