ខេត្តសៀមរាប៖ លោក ទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងចម្រុះ សហការជាមួយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះអនុវត្តដីកាឆែកឆេរទីតាំងរោងសិប្បកម្មកែច្នៃ ផលិត ទិញ-លក់ ដឹកជញ្ជូន និង រក្សាទុកឧបករណ៍ឆក់ត្រីខុសច្បាប់ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញវត្ថុតាងពាក់ព័ន្ធនឹងការផលិតនឹងទិញលក់ឧបករណ៍ឆក់ត្រី រួមមាន ត្រង់ស៊ីសស្ទឺ ដមអេកូបំលែងភ្លើង កង់ដង់ ដុំភ្លើង គ្រឿងបង្គុំ ខ្សែលួសសម្រាប់រំដុំភ្លើង ប្រអប់ផ្គុំ (ដុំស្នួក) និងទូរស័ព្ទដៃ និងឃាត់បានម្ចាស់ទីតាំងម្នាក់មានឈ្មោះ មុត វ៉ា ភេទប្រុស អាយុ ៥១ឆ្នាំ ដើម្បីសួរនាំ។
ប្រភពបន្តថា ក្រោយឃាត់យកទៅសួរនាំ ជនសង្ស័យឈ្មោះ មុត វ៉ា បានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តនូវទង្វើខុសច្បាប់បែបនោះមែន ដោយផលិត លក់ និងចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ទាំងនោះទៅតាមបណ្តាខេត្តចំនួន៦ ដូចជា ខេត្តកំពង់ធំ ពោធិសាត់ បាត់ដំបង ក្រចេះ ព្រៃវែង និងត្បូងឃ្មុំ។
ប្រភពបន្តបញ្ជាក់ថា បច្ចុប្បន្នជំនាញ ជនសង្ស័យ ឈ្មោះ មុត វ៉ា ត្រូវបានកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់វិធានការតាមនីតិវីធីហើយ៕KD