ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នអាល្លឺមង់ GACP បានរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ នៃការគ្រប់គ្រងអភិរក្សសំណង់បុរាណ និងវិស័យទេសចរណ៍ របស់សំណង់ព្រះវិហារគ្រឹស្តសាសនាបុរាណឈ្មោះថា Cologne Cathedral និង Freiburg Minster នៃប្រទេស អាល្លឺម៉ង់ ដែលមានការធ្វើបទបង្ហាញដោយអគ្គនាយក និង អគ្គនាយិការ អភិរក្សសំណង់បុរាណនៃព្រះវិហារគ្រឹស្តសាសនាទាំងពីរ ដោយមានការអញ្ជើញ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា រៀបចំ និងដឹកនាំមន្រ្តី-បុគ្គលិក និងអ្នកពាក់ព័ន្ធជាច្រើនអ្នក ដែលកំពុងបម្រើការនៅរមណីយដ្ឋានអង្គរចូលរួមផងដែរនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
នៅក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះផងដែរ លោកបណ្ឌិត Peter Fussenich ដែលជាវាគ្មិនទី១ បានធ្វើបទបង្ហាញពីប្រវត្តិត្រួសៗ នៃអគារព្រះវិហារសាសនាគ្រិស្ដ Cologne Cathedral សិល្បៈសំណង់ស្ថាបត្យកម្ម គំនូរចម្រុះលើកញ្ជក់ជាដើម។
លោកបណ្ឌិត Peter Fussenich ថា Cologne Cathedral ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១២៤៨ មានកម្ពស់១៥៧ម៉ែត្រ ហើយអគារនេះត្រូវបាន ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ នៅឆ្នាំ១៩៩៦។ បន្ទាប់មកលោកបានបង្ហាញនូវចំណុចសំខាន់ ដែលជាការផ្តោតលើការងារ រោងជាងរបស់ព្រះវិហារ ដែលមានអ្នកជំនាញចម្រុះវិស័យបំពេញការងារលើកិច្ចការពារ ការអភិរក្ស និងវិធានបង្ការ ការចែករំលែកបទពិសោធន៍ការងារនៅព្រះវិហារ Cologne Cathedral ។ លោកបញ្ជាក់ថា ការងាររបស់រោងជាងសព្វថ្ងៃ បានក្លាយគោលដៅទេសចរណ៍រហូតដល់មានអ្នកចូលទស្សនាការងារជួសជុលចំនួន ៦,៥០០,០០០នាក់ក្នុងមួយឆ្នាំផងដែរ។
បន្ទប់មក លោកស្រីបណ្ឌិត Anne Christine BREHM ជាអគ្គនាយិកា ដែលជាវាគ្មិនទី១ ក៍បានបង្ហាញបទពិសោធន៍ការងាររបស់រោងជាង នៃព្រះវិហារ Freiburg Minster ផងដែរ ដោយលោកស្រីអគ្គនាយិកាថា ព្រះវិហារនេះបានកសាងនៅសម័យកណ្តាលនៅអឺរ៉ុប។ ដូចគ្នានឹងព្រះវិហារខាងលើ ចំនួនភ្ញៀវច្រើនលាននាក់ក៍បានមកទស្សនារោងជាងការងារអភិរក្សនៅព្រះវិហារ Freiburg Minster ដែរ។ លោកស្រីអគ្គនាយិកា បញ្ជាក់ថា ការងាររបស់រោងជាងទាំងពីរខាងលើ បានទទួលចំណាត់ថ្នាក់បេតិកភណ្ឌអរូបីពិភពលោកនៅឆ្នាំ២០២០ (Unesco Intangible World Heritage: Craft Techniques and Customary Practices of Cathedral Workshops)។
ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចាត់ទុកសិក្ខាសាលាដែលរៀបចំនៅពេលនេះ ពិតជាសារប្រយោជន៍ជាខ្លាំងដល់អ្នកជំនាញខ្មែរ លើការអភិរក្សថ្ម ចម្លាក់ ក៏ដូចជាផ្នែកទេសចរណ៍ជាដើម។ ឯកឧត្តមរំពឹងថា ក្រោយសិក្ខាសាលានេះចប់ មន្រ្តី-បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងបម្រើការនៅរមណីយដ្ឋានអង្គរ នឹងយល់ពីការងារសំខាន់ៗ ក្នុងន័យថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌមួយនេះឱ្យកាន់តែល្អប្រសើរ៕KD
ប្រែសម្រួលជាភាសាខ្មែរ៖ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន ស្រាវជ្រាវ និងបណ្តុះបណ្តាល
អត្ថបទ៖ នាង សំណាង
រូបភាព៖ សឿន ប៊ុនស៊រ