រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១៧ និង ៤០នាទី ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេច ព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ ហើយព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ។សូមជូនព្រះប្រវត្តិរូបសង្ខេបរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ព្រះនាម ទេព វង្ស (គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា) ប្រសូត្រនៅថ្ងៃទី១២ ខែមករា ឆ្នាំវក គ.ស.១៩៣២ នៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានបិតានាម ទេព ឈិត និងមាតានាម ប៉ិច អាត់។
ប្រវត្តិនៃការសាងព្រះផ្នួសលើកទី១ នៅឆ្នាំរោង គ.ស.១៩៥២ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ហ៊ីង ម៉ៅ “ពុទ្ធសរ” ព្រះសមុហ៍ ព្រះចៅអធិការ វត្តរាជបូណ៌ ខេត្តសៀមរាប។
ការសាងព្រះផ្នួសលើកទី២ នៅថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៧៩ នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ឋិតសីលោ និមន្តមកពីកម្ពុជាក្រោម។ នៅឆ្នាំ១៩៧៩ ដដែលបានឡើងនាទីជាព្រះវិន័យធរ ប្រធានសង្ឃ និងជាព្រះឧបជ្ឈាហ៍ទូទាំងប្រទេស បន្តពីព្រះគ្រូមហាថេរ ព្រះនាម កើត វ៉ាយ។
ព្រះវិន័យធរ ទេព វង្ស ទ្រង់ជាព្រះឧបជ្ឈាហ៍ធំជាងគេដែលបានបំបួសរាល់ព្រះថេរចាស់ៗដែលជាអតីតព្រះថេរសម័យមុន ដែលបានផ្សឹកក្នុងសម័យខ្មែរក្រហម ហើយរស់រានជីវិតក្រោយរបបខ្មែរក្រហម និងបានចូលមកបួសបំពេញឧបសម្បទាជាផ្លូវការឡើងវិញក្នុងសំណាក់ព្រះវិន័យធរ ទេព វង្ស នៅវត្តឧណ្ណាលោម នាឆ្នាំ១៩៧៩,១៩៨០ និង ១៩៨១…។
សម្ដេច ទេព វង្ស ទទួលបានព្រះគោរម្យ៍ងារ ជាព្រះវិន័យធ ជាព្រះឧបជ្ឈាយ៍នៃកម្ពុជា នៅឆ្នាំ១៩៧៩ ព្រះអង្គទទួលបានព្រះមហាសុមេធាធិបតី សង្ឃនាយក ក្នុងឆ្នាំ១៩៩១ ព្រះអង្គទទួលបានព្រះគោរម្យ៍ងារជា សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ថ្ងៃទី១៥ ខែវិច្ចិការ ឆ្នាំ១៩៩១ និង ព្រះអង្គក៍ទទួលបាន ព្រះគោរម្យ៍ងារជា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត និង ជាសម្ដេចព្រះមហាសង្ឃរាជ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ រហូតមកដល់ សម្ដេចសោយព្រះទីវង្គត ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា៕KD