Friday, November 22, 2024

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីបំភ្លឺច្រានចោលការចោទប្រកាន់ដែលថា បានទាមទារប្រាក់២លានដុល្លារ ពីលោកស្រី លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតានៅតំបន់ឃ្យុងយូ

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា ចេញសេចក្តីបំភ្លឺច្រានចោលការចោទប្រកាន់ដែលថា បានទាមទារប្រាក់២លានដុល្លារ ពីលោកស្រី លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតានៅតំបន់ឃ្យុងយូ។ នេះបើយោងតាមលិខិតបំភ្លឺ របស់អាជ្ញាធរជាតិអប្សរលេខ ១៣៦/២៤ ដែលទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ទទួលបាននៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្មាំ២០២៤។ លិខិតរបស់ អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា «កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថានីយ៍ទូរទស្សន៍ ខេមរា អេហ្វប៊ី ធីវី អនឡាញ (Khemra FB TV Station Online) បានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ ក្បាលដី ទំហំសរុប ៧,៧៣ ហិចតា ស្ថិតនៅ តំបន់បុរីសណ្ឋាគារ ក្នុងភូមិសាស្ត្រ ភូមិចុងកៅស៊ូ (បច្ចុប្បន្នភូមិធ្លកអណ្តូង) និងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប ដោយបានផ្សព្វផ្សាយថា អាជ្ញាធរជាតិអប្សរាបានទាមទារប្រាក់ចំនួនពីរលានដុល្លារ សហរដ្ឋអាមេរិក ពីលោកជំទាវ លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីខាងលើនេះ និងថាអាជ្ញាធរជាតិអប្សរាបានឃុប ឃិតគ្នាជាមួយស្ថាប័នសាលាដំបូងខេត្តសៀមរាប យកដីរបស់លោកជំទាវ លី អ៊ុំអេង ប្រគល់ទៅឱ្យសាលាដំបូងខេត្តសៀមរាប ដើម្បីធ្វើជាទីតាំងសាលាដំបូងខេត្តសៀមរាបថ្មី»។

លិខិតដដែលបន្តថា «ដើម្បីចៀសវាងការភ័ន្តច្រឡំមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា ក៏ដូចជាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងជាការឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់ពិធីករ និងជាអគ្គនាយក ស្ថានីយ៍ទូរទស្សន៍ ខេមរា អេហ្វប៊ី ធីវី អន ឡាញ (Khemra FB TV Station Online) ជាពិសេសទៅការលើកឡើងរបស់លោកជំទាវ លី អ៊ុំអេង »។

លិខិតដដែលបន្ថែមថា « អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា សូមធ្វើការបំភ្លឺជូនសាធារណជនឱ្យបានជ្រាបដូចខាងក្រោម៖

១- លោកជំទាវ លី អ៊ុំអេង បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទូរទស្សន៍អនឡាញ ផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងទម្លាក់កំហុសដោយអសុទ្ធចិត្ត មកលើអាជ្ញាធរ ជាតិអប្សរា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ក្បាលដីខាងលើ ចំនួន ០៣ (បី) លើករួចមកហើយ (រួមទាំង លើកនេះ) ហើយដែលកន្លងមក អាជ្ញាធរជាតិអប្សរា ក៏បានបំភ្លឺជូនសាធារណជនចំនួន ០២ (ពីរ) លើករួចមកហើយផងដែរ តាមរយៈសេចក្តីបំភ្លឺលេខ ៦៦៦/១៩ រប.សបក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ និងសេចក្តីប្រកាសព័ត៌មានលេខ ៥៣០/២១ របសបក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ របស់អាជ្ញាធរជាតិអប្សរា ដូចមានជូនភ្ជាប់មកជាមួយ។

២- ដីធ្លីទាំង ០៩ ក្បាលដីខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចរួចហើយថា ឱ្យចុះបញ្ជីចេញ បណ្ណកម្មសិទ្ធិ ជាកម្មសិទ្ធិឯកជនរបស់រដ្ឋ តាមរយៈសេចក្តីជូនដំណឹងលេខ ១៣៨៣ សជណ.អវ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ រាល់ពាក្យបណ្ដឹង និងពាក្យសុំនានារបស់លោកជំទាវ លី អ៊ុំអេង ទៅស្ថាប័នផ្សេងៗ រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី និងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ (សាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល) សុទ្ធតែត្រូវបានសម្រេចបដិសេធ និងលើកចោល។ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ទីតាំងដីមួយ កន្លែងទំហំ ១៨.១៥៨ ម៉ែត្រការ៉េ របស់អាជ្ញាធរជាតិអប្សរា ស្ថិតនៅក្នុងតំបន់បុរីសណ្ឋាគារ ក្នុងភូមិ សាស្ត្រភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជូនក្រសួងយុត្តិធម៌ សម្រាប់ សាងសង់អគារសាលាឧទ្ធរណ៍តំបន់ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប តាមរយៈសេចក្តីជូនដំណឹងលេខ ២០២ សជណ.អវ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដើម្បីជាប្រយោជន៍សាធារណៈ បំរើឱ្យវិស័យយុត្តិធម៌។

៣- ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានខិតខំគ្រប់គ្រង និងការពារដីធ្លីរបស់រដ្ឋនៅក្នុងតំបន់បុរីសណ្ឋាគារ ស្របតាមអនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល។ អាជ្ញាធរជាតិអប្សរាពុំមានសិទ្ធិអំណាចក្នុងការចាត់ចែង ឬប្រគល់ជាកម្មសិទ្ធិនូវដីធ្លីរបស់រដ្ឋទៅឱ្យ បុគ្គលឯកជនឡើយ ហើយក៏ពុំមានករណីដែលថ្នាក់ដឹកនាំ ឬមន្ត្រីអាជ្ញាធរជាតិអប្សរា បានទាមទារ ឬស្នើសុំប្រាក់ចំនួនពីរលានដុល្លារសហរដ្ឋអាមេរិក ពីលោកជំទាវ លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដី ខាងលើ ឬបានឃុបឃិតគ្នាជាមួយអតីតប្រធានសាលាដំបូងខេត្តសៀមរាប ប្រគល់ដីខាងលើ (មួយផ្នែក) យកទៅធ្វើអគារសាលាដំបូងខេត្តសៀមរាប ដូចការលើកឡើងរបស់លោកជំទាវ លី អ៊ុំអេង ដែរ»។

លិខិតរបស់ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់នៅក្នុងចំណុចទី៤ ថា « ដោយពិនិត្យឃើញថា ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លីខាងលើ មានលក្ខណៈបំភ្លៃការពិត និងញុះញង់ឱ្យមានការរើសអើងមកលើថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សរា ម្តងហើយម្តងទៀត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិនាមរបស់ស្ថាប័ន ក៏ដូចជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ ដឹកនាំអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរា សម្រេចថានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយ គ្មានការលើកលែងឡើយ»។

ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅមិនទាន់ទទួលបានការបំភ្លឺ ពីភាគីអគ្គនាយក ស្ថានីយ៍ទូរទស្សន៍ ខេមរា អេហ្វប៊ី ធីវី អន ឡាញ (Khemra FB TV Station Online) ជាពិសេស លោកជំទាវ លី អ៊ុំអេង នៅឡើយទេ។ យើងខ្ញុំនឹងរង់ចាំទទួលការបំភ្លឺនានា ពីភាគីពាក់ព័ន្ធជុំវិញករណីនេះនៅរៀងរាល់ម៉ោងធ្វើការ៕នាគស

ព័ត៌មានពេញនិយម