ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ និងអាជ្ញាធរមូលដ្ឋាន បានបើកវគ្គបណ្តុះបណ្តាល «អប់រំបេតិកភណ្ឌ» និងចែកសម្ភារ:សិក្សាដល់សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២៤នេះ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះមានអញ្ជើញចូលរួមពី លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ុន មណីនីតា ប្រធានអង្គការមរតកវប្បធម៌ខ្មែរ តំណាងអាជ្ញាធរមូលដ្ឋាន លោក ប្រម ប្រេម នាយកវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ៥៦នាក់ផងដែរ។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា និង អង្គការមរតកវប្បធម៌ តែងតែសហការជាមួយអាជ្ញាធរ ក្នុងតំបន់មួយចំនួន នៃរមណីយដ្ឋានអង្គរ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «អប់រំបេតិកភណ្ឌ»។
លោក អ៊ឹម សុខរិទ្ធី បន្តថា កម្មវិធីបណ្តុះបណ្តាលនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ ជាពិសេសយល់ដឹងអំពីតួនាទីភារកិច្ច នៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងអាចធ្វើជាគម្រូដល់សហគមន៍របស់ខ្លួនថែមទៀតផង។
តំណាងអាជ្ញាធរមូលដ្ឋាន លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានសម្ដែង នូវមោទកភាព និង អរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរជាតិអប្សរា និង អង្គការមរតកវប្បធម៌ ដែលបានសហការជាមួយអាជ្ញាធរ បើកវគ្គបណ្តុះបណ្តាលស្តីពី «អប់រំបេតិកភណ្ឌ» នេះឡើង ដើម្បីជាពុទ្ធិបន្ថែមសម្រាប់ បណ្តុះគំនិត ឱ្យយុវជនជំនាន់ក្រោយ បានយល់ដឹងកាន់តែច្បាស់ អំពីគុណតម្លៃមរតកវប្បធម៌បេតិកភណ្ឌ ដើម្បីអាចចូលរួមជាមួយ រាជរដ្ឋាភិបាល និង អាជ្ញាធរជាតិអប្សរា ក្នុងការការពារ អភិរក្ស និងលើកស្ទួយ តំបន់បេតិកភណ្ឌ ប្រកបដោយនិរន្តរភាពផងដែរ៕KD
អត្ថបទ និងរូបភាព៖ នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ