Tuesday, November 12, 2024

លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ដឹកនាំកម្លាំងបំបែកសំណុំរឿងឃាតកម្ម និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅស្រុកជីក្រែង

ខេត្តសៀមរាប៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់ជាប្រចាំ អំពីបញ្ហាសន្តិសុខ សុវត្តិភាព ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល និងមានកិច្ចសម្របសម្រួលនីតិវិធី ពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបផងនោះ លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរនបាលខេត្តសៀមរាបបានដឹកនាំកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះស្រាវជ្រាវ និងបំបែកសំណុំរឿងឃាតកម្ម ដោយឃាត់ខ្លួនបានជនសង្ស័យ ដែលវិជ្ជមានសារធាតុញៀនម្នាក់ មានឈ្មោះ សំ  ស៊ី ហៅ ស៊ីន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិក្របៅ ឃុំសង្វើយ  ស្រុកជីក្រែង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរនបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១៨ និង ៥៥នាទីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការស្រុកជីក្រែង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីបាត់មនុស្សម្នាក់ ឈ្មោះ នាវ ស្រីហ៊ុច (ជនរងគ្រោះ) ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអធិការស្រុកជីក្រែង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយស្វែងរករហូតដល់វេលាម៉ោង ២១ និង០០នាទី ថ្ងៃខែឆ្នាំដដែល ក៏បានប្រទះឃើញជនរងគ្រោះ ដេកស្លាប់នៅក្នុងចម្ការដំឡូង ខាងក្រោយផ្ទះប្រហែល ២០០ម៉ត្រ ហើយកម្លាំងអធិការស្រុកជីក្រែង បានធ្វើការពិនិត្យសាកសពឃើញថា សពមានសភាពរឹង ហើយមានស្នាមបែកក្បាលដាច់សក់ និងមានស្នាមអាកដាច់បំពង់កដល់ឆ្អឹងក ទើបសន្និដ្ឋានបានថាជាករណី ឃាតកម្ម។លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ បានបន្តថា ក្រោយពេលកើតហេតុ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់កំណត់មុខសញ្ញា ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងមាន ដាវដែលធ្វើសកម្មភាព កាប់ជនរងគ្រោះ ១ដើម មានប្រវែង ០,៦២ម៉ែត្រ ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាពចំនួន០១ (មានប្រឡាក់ឈាម) និងអាវផ្កាក្រហមសាច់ក្រណាត់ដៃវែងពាក់ធ្វើសកម្មភាព ០១ ទៅកាន់អធិការដ្ឋាននគរបាលស្រុកជីក្រែង។ លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរនបាលខេត្តសៀមរាប បានបន្ថែមថា ក្រោយការសាកសួរជនសង្ស័យ បានចម្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ដោយកន្លងមកជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្តីនិងគ្នា ពុំមាននរណាបានដឹង ប៉ុន្តែជនសង្ស័យគុំគួន និងជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោងប្រហែល១៣ និង៣០នាទី រូបខ្លួនបានផឹកស្រាសអស់ចំនួន ២លីត្រ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំបិតដាវ ០១ដើមយកទៅ។ ពេលនោះរូបខ្លួន បានឃើញជនរងគ្រោះកំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ០១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកចំនួន០៣កាំបិតទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើសាកសពជនរងគ្រោះ កុំឲ្យគេឃើញ រួចក៍បានគេចខ្លួនក្រោយពីធ្វើសកម្មភាព។

លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ បញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាសមត្ថកិច្ចជំនាញឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ហើយ៕នាគស

ព័ត៌មានពេញនិយម