ខេត្តសៀមរាប៖ បុរសជនជាតិ អូស្ត្រាលី ម្នាក់ត្រូវបានម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់នៃផ្ទះជួល របស់ខ្លួន ដែលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ២២ និង ០០នាទីថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសជនអូស្ត្រាលី ដែលបានស្លាប់នោះមានឈ្មោះ RATTLE MICHAEL អាយុ ៧១ឆ្នាំ មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ PB៣៩៤៨៧១១ ស្នាក់នៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ។
ប្រភពដដែលបន្តថា នៅកន្លែងកើតហេតុបុរសម្នាក់មានឈ្មោះ អាត់ ហាន អាយុ ៣២ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ទីតាំងកើតហេតុខាងលើ ត្រូវជាម្ចាស់ផ្ទះជួលបានឲ្យដឹងថា ក្នុងកំឡុងឆ្នាំ ២០១៩ ខ្ញុំបានជួលផ្ទះអោយជនជាតិបរទេស ម្នាក់(សព)មុខរបរគ្មានគាត់ស្នាក់នៅតែម្នាក់ឯងទេ ការរស់នៅ របស់គាត់ក៏មិនដែរមានបញ្ហាអ្វីនោះដែរ រហូតដល់ចុងឆ្នាំ ២០២៣គាត់បានត្រឡប់ទៅប្រទេសរបស់គាត់វិញដើម្បីទៅមើលជម្ងឺ( វះកាត់បេះដូង) តែគាត់នៅតែជួលផ្ទះរបស់ខ្ញុំដ៏ដែរទុកពេលគាត់ត្រឡប់មកខ្មែរវិញ ជាក់ស្តែងនៅថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ ២០២៤ គាត់បានធ្វើដំណើរមកកាន់ខ្មែរវិញតែម្នាក់ឯង ហើយក៏បន្តស្នាក់នៅផ្ទះរបស់ខ្ញុំធម្មតា រហូតដល់ថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ០០ នាទី គាត់បានដួលក្នុងបន្ទប់ រួចបានខលមកខ្ញុំសុំអោយខ្ញុំមកជួយលើកគាត់ព្រោះគាត់ងើបពុំរួច បន្ទាប់មកខ្ញុំក៏ណែនាំគាត់អោយទៅមន្ទីរពេទ្យព្រោះគាត់មានសភាពរាគជាច្រើនដងក្នុងមួយថ្ងៃរហូតស្លៀកខោការពារទឹកនោម គាត់ថាមិនអីទេ ព្រោះគាត់មានថ្នាំសម្រាប់លេបខ្លួនឯងហើយ ដោយខ្ញុំមើលទៅគាត់មិនសូវស្រួល នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ០០នាទី ខ្ញុំក៏បានទាក់ទងហៅមន្ត្រីមានសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកមើល និងជួយជម្រុញគាត់ឲ្យទៅពេទ្យ តែគាត់មើលទៅមិនចង់ទៅនោះទេ លុះបានបន្តិចទើបគាត់ប្រាប់វិញថាសុំស្អែកព្រឹក ទើបគាត់ ព្រមទៅពេទ្យ បន្ទាប់មកគាត់ក៏សម្រាកធម្មតាវិញទៅ នៅល្ងាចថ្ងៃខែឆ្នាំដដែលម៉ោង១៨ និង ២០នាទីខ្ញុំចេញទៅទិញទឹកដោះគោអោយកូនតូចរបស់ខ្ញុំ ពេលមកដល់ផ្ទះវិញប្រហែលម៉ោង១៩ និង ០០នាទីខ្ញុំក៏ចូលទៅមើលគាត់ម្តងទៀត នៅតែមានសភាពហត់ៗដដែល រហូតដល់វេលាម៉ោង ២២ និង ០០ នាទី ខ្ញុំក៏បានចូលមើលគាត់ម្តងទៀត ស្រាប់តែឃើញគាត់ដេកនៅលើគ្រែ ដោយមានអារម្មណ៍មិនស្រួលខ្ញុំក៏បានហៅគាត់ តែគាត់មិនឆ្លើយតប ទើបខ្ញុំដើរទៅស្ទាបដង្ហើមគាត់ បានដឹងថាគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកខ្ញុំបានរាយការណ៍ជូនសមត្ថកិច្ច។
ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានបានថា បុរសជនជាតិ អូស្ត្រាលី ដែលបានស្លាប់នោះ គឺដោយសារ បាត់បង់ជាតិទឹកធ្ងន់ធ្ងរ ដោយការរាគ។ បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក្ខនៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕នាគស