Sunday, November 24, 2024

ឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៥នាក់ ដែលជិះម៉ូតូដេញតាមកាប់ត្រូវ បណ្តាលឲ្យជនរងគ្រោះរ៉េចង្កូតម៉ូតូ ទៅបុកនិងបង្គោលភ្លើង ស្លាប់ និងរបួស នៅកណ្ដាលក្រុងសៀមរាប 

ខេត្តសៀមរាប៖ កម្លាំងជំនាញ នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៥នាក់ ដែលពាក់ព័ន្ធនឹងករណី ជិះម៉ូតូដេញតាមកាប់ត្រូវ បណ្តាលឲ្យជនរងគ្រោះរ៉េចង្កូតម៉ូតូ ទៅបុកនិងបង្គោលភ្លើង ស្លាប់ និង របួស ត្រង់ចំណុចខាងកើតរង្វង់មូលវត្តដំណាក់ ជិតហាងគុទាវ ចែម ពរ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ០៣ និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នោះហើយ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលរងនូវអំពើហិង្សា ដោយការកាប់ហើយរ៉េចង្កូតម៉ូតូ ទៅបុកនិងបង្គោលភ្លើង បណ្ដាលឱ្យ ស្លាប់ និងរបួស ខាងលើនោះមានចំនួន ០២នាក់ ដែលទី១ មានឈ្មោះ គង់ លីអាន ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប «បានស្លាប់» ដោយសារជនសង្ស័យ កាប់ត្រូវហើយរ៉េចង្កូតម៉ូតូទៅបុកបង្គោលភ្លើង និង ទី២ មានឈ្មោះ ស៊ូ សុវណ្ណត្រា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានរងរបួសក្រោមភ្នែកខាងឆ្វេង ១កន្លែង និង លើខ្នងដៃខាងឆ្វេង ១កន្លែង ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុ កម្លាំងជំនាញបានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ នៅក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណះភាពជនរងគ្រោះ (ជិះម៉ូតូដេញតាមកាប់ បណ្តាលឲ្យជនរងគ្រោះរ៉េចង្កូតម៉ូតូ ទៅបុកនិងបង្គោលភ្លើងបណ្តាលឲ្យស្លាប់ និងរបួស)នោះហើយ ដោយជនសង្ស័យទាំង ០៥ នាក់នោះមានឈ្មោះ ដូចខាងក្រោម៖

១. ឈ្មោះ ហួត សុបញ្ញារិទ្ធ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស បច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

២.ឈ្មោះ មួន គិមឡុង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជ័យ ខេត្តសៀមរាប ។

៣.ឈ្មោះ ត្រា ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

៤.ឈ្មោះ ដែន សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

៥.ឈ្មោះ ហុក ដុលា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្ននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពបន្ថែមថា ក្រោយពីឃាត់ខ្លួនបាន យកទៅធ្វើការសាកសួរ ជនសង្ស័យចំនួន ០៥នាក់ ខាងលើបានសារភាពថា «ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះពិតប្រាកដមែន» ព្រោះកន្លងមកកាលពីអំឡុង ខែតុលា ឆ្នាំ ២០២៣ ដោយធ្លាប់មានទំនាស់និងគ្នា។ ជនរងគ្រោះបាននាំគ្នាមកកាប់ពួកខ្លួនដល់បន្ទប់ ទើបមានគំនុំ លុះរហូតដល់វេលាម៉ោង ០៣ និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពួកខ្លួនបានឃើញជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នាម្តុំ pub street ទើបពួកខ្លួនបាននាំគ្នាជិះម៉ូតូទៅយកដាវ ០១ដើម ដែលលាក់ទុកនៅតាមផ្លូវលំ ជិតក្លឹបអារីណា កែងផ្សារញ៉ែរ ហើយក៏នាំគ្នាជិះត្រឡប់មករកក្រុមជនរងគ្រោះវិញដើម្បីសងសិក។ ពេលមកដល់ pub street ក៏ឃើញជនរងគ្រោះកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក scoopy ពណ៍ស ជិះគ្នា ០២នាក់ ពួកខ្លួនបានជិះម៉ូតូដេញតាមពីក្រោយមកដល់ចំណុចខាងកើត រង្វង់មូលវត្តដំណាក់ ចម្ងាយប្រហែល ១០០ ម៉ែត្រ ពួកខ្លួនបានធ្វើសកម្មភាព យកដាវ កាប់ទៅលើជនរងគ្រោះ ចំដៃឆ្វេងមួយកាំបិត បណ្តាលឲ្យម៉ូតូជនរងគ្រោះ រ៉េចង្កូតទៅបុកនិងបង្គោលភ្លើង ដោយឈ្មោះ មួន គិមឡុង ជាអ្នកធ្វើសកម្មភាពកាប់ ហើយ ឈ្មោះ ហួត សុបញ្ញារិទ្ធ ជាអ្នកឌុប ចំណែកបក្សពួក ០៣នាក់ ទៀតជិះតាមពីក្រោយ។ ក្រោយពេលធ្វើសកម្មភាពហើយ ពួកខ្លួនបាននាំគ្នាយកកាំបិតទៅទុកលាក់នៅផ្ទះរបស់ ឈ្មោះ ហួត សុបញ្ញារិទ្ធ បន្ទាប់មកក៏បែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ ដកហូតបានវត្ថុតាង ដាវ ០១ដើម និងម៉ូតូជិះធ្វើសកម្មភាព ចំនួន ០៣គ្រឿង ហើយក៍បានធ្វើតេស្ត រកសារធាតុញៀន លើជនសង្ស័យទាំង ០៥នាក់ខាងលើ ជាលទ្ធផលគឺ អវិជ្ជមានទាំង ០៥នាក់។

បច្ចុប្បន្នជំនាញបាននឹងកំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕នាគស

ព័ត៌មានពេញនិយម