ខេត្តសៀមរាប៖ ភ្ញៀវទេសចរជនជាតិប៉ូឡូញម្នាក់ បានដួលស្លាប់បាត់បង់ជីវិត នៅចំណុចមុខប្រាសាទអង្គរវត្ត ប៉ែកខាងជើង ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ។
ប្រភពពីសមត្ថកិច្ច សុំមិនបាច់ចេញឈ្មោះ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ DROZDZ JACEK WOJCIECH ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ ទេសចរណ៍ ជនជាតិ ប៉ូឡូញ កាន់លិខិតឆ្លងដែនលេខ EK ៥០៨៥៥៣០ ស្នាក់នៅបណ្ដោះអាសន្ន សណ្ឋាគារ អ៊ែមប៊ើ អង្គរ (Amber Angkor Villa & Spa Siem Reap ) ស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពដដែលបានបន្តថា ពីកន្លែងកើតហេតុខាងលើ បុរស ជនជាតិថៃ មានឈ្មោះ Pakpho leridej អាយុ 51 ឆ្នាំ ជាប្រធានក្រុមដឹកនាំភ្ញៀវទេសចរណ៍ (Tour Leader) បានរៀបរាប់រាប់សមត្ថកិច្ចជំនាញឲ្យដឹងថា «នៅថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៤ ខ្ញុំបាននាំភ្ញៀវទេសចរណ៍ចំនួន ២០នាក់ រួមទាំងជនរងគ្រោះម្នាក់ផងដែរ បានមកកំសាន្តនិងស្នាក់នៅទីក្រុងភ្នំពេញ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ លុះដល់ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៤ ខ្ញុំបាននាំពួកគាត់មកកំសាន្តក្នុងខេត្តសៀមរាប។ រយៈពេលប៉ុន្មានថ្ងៃនៅទីក្រុងភ្នំពេញរហូតមកដល់ខេត្តសៀមរាបគាត់(សព)មានសុខភាពល្អជាធម្មតាពុំមានបញ្ហាអ្វីនោះទេ រហូតដល់ថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៤ វេលាម៉ោង ៨ និង ៤០ នាទី ខ្ញុំបាននាំគាត់និងភ្ញៀវដទៃទៀត ទៅទស្សនាប្រាសាទអង្គរវត្ត លុះដល់ម៉ោង ១១ និង ២០ នាទីថ្ងៃខែឆ្នាំដដែល បន្ទាប់មើលប្រាសាទចប់ ខ្ញុំបាននាំគាត់ត្រឡប់មកវិញ ពេលដើរចេញមកដល់បរិវេណមុខអង្គរវត្តបែកខាងជើងស្រាប់តែគាត់(សព)ដួលផ្ងារក្រោយសន្លប់បាត់ស្មារតី។ ភ្លាមនោះខ្ញុំបានធ្វើចលនាបឋមឲ្យគាត់ និងឲ្យក្រុមការងារជួយហៅឡានសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ មួយសន្ទុះក្រោយមកឡានសង្គ្រោះបានមកដល់ក្រុមគ្រូពេទ្យបានជួយធ្វើចលនាសង្គ្រោះ ប្រហែល ៣០ នាទី ក្រុមគ្រូពេទ្យប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ»។
ថ្លែងស្រដៀងគ្នានេះដែរ បុរសម្នាក់មានឈ្មោះ WOLCZYNSKI GRZEGORZ អាយុ ៤២ ឆ្នាំ ជនជាតិប៉ូឡូញ ត្រូវជាមិត្តភក្កិរបស់សពបានឲ្យដឹងថា «ខ្ញុំបាទនិងគាត់(សព)ត្រូវជាមិត្តភក្តិ និងគ្នារយៈពេល ៥ឆ្នាំមកហើយ និងធ្លាប់បានដើរកំសាន្តក្រៅប្រទេសជាមួយគ្នាចំនួន ៧ដងមកហើយ ពុំដែលឃើញគាត់មានបញ្ហាសុខភាពអ្វីនោះទេ។ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ពួក យើងបានចូលមកប្រទេសកម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមរយៈក្រុមហ៊ុន ទេសចរណ៍បដែលមានទីតាំងនៅប្រទេសថៃ ដែលមានភ្ញៀវសរុបចំនួន ២០នាក់ ពេលមកដល់ ពួកយើងបានស្នាក់នៅសណ្ឋាគារ សេនសូរី ជាកអី បានដែលខាងក្រុម ហ៊ុនបានរៀបចំអោយចំនួន 2យប់។ លុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងក្រុមហ៊ុនបានរៀបចំអោយពួកយើងមកកំសាន្តនៅខេត្តសៀមរាប និងស្នាក់នៅក្នុង សណ្ឋាគារ AMBER ANGKOR ដោយខ្ញុំបាទសម្រាកនៅបន្ទប់លេខ ១០៧ និងគាត់ សម្រាកក្នុងបន្ទប់លេខ ១០៨ ។ នៅថ្ងៃទី ១៧ ខែ កុម្ភៈឆ្នាំ ២០២៤ ពួកយើងបានចេញទៅដើរកំសាន្តនៅប្រាសាទអង្គរវត្ត តាមរថយន្តដែរក្រុមបានរៀបចំអោយ ពេលទៅដល់ ពួកយើងបានដើរលេងក្នុងបរិវេណអង្គរ លុះនៅវេលាម៉ោង ១១ និង ២០នាទីថ្ងៃខែឆ្នាំដដែល ទើបពួកយើងបានដើរត្រឡប់មករថយន្តវិញ អំឡុងពេលដើរត្រលប់មកដល់ត្រង់ចំណុចកើតហេតុ គាត់ក៏បានដួលផ្ងារក្រោយទៅនឹងថ្នល់ ភ្លាមនោះខ្ញុំបាទក៏រត់ស្ទុះទៅ មើល និងបានជួយធ្វើចលនាបេះដូងរហូតក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរមកដល់ និងបានធ្វើសង្គ្រោះបឋមបន្តបានប្រហែល ៣០នាទី ទើបក្រុមគ្រូពេទ្យបានបញ្ជាក់ ថាគាត់បានស្លាប់បាត់ទៅហើយ»។
ប្រភពបានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យសាកសព នៅផ្ទះសពក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្នែកក្បាលខាងក្រោយមានស្នាមឆ្កូតដាច់ប្រវែង២សង់ទីម៉ែត្រក្រៅពីនោះពុំមានស្លាកស្នាអ្វីគួរឲ្យកត់សម្គាល់ទេ។
ដូច្នេះដោយយោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចជំនាញអាចសន្និដ្ឋានបានថា បុរសអ្នកទេសចរជនជាតិប៉ូឡូញខាងលើ បានស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង។
បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុក្ខនៅវត្តស្ទឹងមានជ័យរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនិងនីតិវិធី៕នាគស