រាជធានីភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍បញ្ជាក់នូវការគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបបទល្មើសទាំងអស់ថា «ខ្ញុំសូមគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបបទល្មើសទាំងអស់នេះ ដើម្បីជាសារព្រមាន ដោយមិនអនុញ្ញាតឱ្យមានអំពើទុច្ចរិតបែបនេះត្រូវបានប្រព្រឹត្ត នៅអនាគត មិនថាប្រព្រឹត្តដោយជនបរទេសពីប្រទេសណាមួយនោះទេ»។មានប្រសាសន៍យ៉ាងដូច្នេះ នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅលើបណ្ដាញទំនាក់ទំនងតេឡេក្រាម «Hun Many Channel » របស់ឯកឧត្តម បន្ទាប់ពីមានព្រឹត្តិការណ៍មួយ ដែលអាជ្ញាធរខេត្តព្រះសីហនុ បានបង្រ្កាបជនបរទេស ២នាក់ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។
ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចឱ្យដឹងថា «កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានបង្រ្កាបជនបរទេស ២នាក់ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខនៅព្រះរាជាណាចក្រកម្ពុជា»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍បន្តថា «នេះជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ របស់ជនបរទេសទាំង២នេះ ក្នុងការមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព»។
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ទង្វើទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ»។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិ ចូលរួមទប់ស្កាត់ការចែករំលែកមាតិកា ដែលមានលក្ខណៈបំភ្លៃនិងញុះញង់ ថា «ខ្ញុំសង្ឃឹមថា នឹងមិនមានអំពើបែបនេះកើតឡើងសារជាថ្មីម្តងទៀតនោះទេ។ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ និងមិត្តភក្តិទាំងអស់ចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឱ្យមានការយល់ច្រលំមកលើសង្គមជាតិរបស់យើង»៕នាគស