ខេត្តព្រះវិហារ៖ រៀបរាប់ទាំងក្ដីអស់សង្ឃឹម ក្រុមគ្រួសាររងគ្រោះ ដែលមានជីវភាពក្រខ្សត់តោកយ៉ាក ជាកម្មករស៊ីឈ្នួលដកដំឡូង ហើយក៍ជាអ្នកដាំបាយ និងរៀបចំនៅវត្តភ្នំកន្ធាយ ដែលស្ថិតក្នុងភូមិស្រយ៉ុងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ថាព្រះគ្រូចៅអធិការវត្តភ្នំកន្ធាយនេះ បានលួងលោមរំលោភសេពសន្តវ: កូនស្រីច្បង វ័យ១៤ឆ្នាំ និងកូនស្រីពៅ វ័យ៩ឆ្នាំ បានសម្រេចជាច្រើនដង ជាថ្នូរនិងការអោយប្រាក់បន្តិចបន្ទួច ក៍ដូចជាអ្នករស់នៅក្បែរវត្តអះអាងថា កាលពីព្រឹកថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៣ ថាគាត់បានឃើញព្រះចៅអធិការវត្តភ្នំកន្ធាយ នៅជាមួយក្មេងស្រីក្នុងព្រៃ ហើយឃើញក្មេងស្រីអាក្រាតកាយផងនោះ នៅមិនទាន់បានទទួលពន្លឺយុត្តិធម៌នៅឡើយ បើទោះបីជាពួកគាត់ បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ អស់រយៈពេលជាង២ខែមកហើយក៍ដោយ។គ្រួសារជនរងគ្រោះបានបន្តឲ្យដឹងថា ករណីនេះគាត់បានដាក់ប្តឹងទៅអធិការនគរបាលស្រុកគូលែន តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣មកម្លេះ ដើម្បីជួយរកយុត្តិធម៌ ដោយបានប្ដឹងទាមទារសំណងចំនួន ២០លានរៀល និងស្នើឱ្យសមត្ថកិច្ចចាត់ការទៅលើជនសង្ស័យខាងលើទៅតាមផ្លូវច្បាប់។
ជុំវិញករណីនេះ លោកស្រី ផន កែវផុន អនុប្រធានមន្ទីរកិច្ចការនារី ខេត្តព្រះវិហារ បានឲ្យដឹងថា លោកស្រីក៍បានទំនាក់ទំនងទៅជនរងគ្រោះ ហើយបានយកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច្ច័យរួចហើយ។ ក្នុងនោះលិខិតកោសល្យវិច័យរបស់គ្រូពេទ្យបានបង្ហាញថា«ក្មេងស្រីរងគ្រោះពិតជាបានត្រូវគេរំលោភប្រភេទពិតប្រាកដមែន» ដោយមានរបួសនិងទឹកមុខស្លេកស្លាំង។
លោកស្រី ផន កែវផុន បន្តថា ក្នុងនាមមន្ទីរកិច្ចការនារី លោកស្រីបានចុះផ្សព្វផ្សាយតាមមូលដ្ឋានមួយចំនួនទៅតាមអ្វីដែលអាចធ្វើទៅបានដើម្បីជួយការពារនិងលើកកម្ពស់ស្ត្រី។
លោកស្រីផន កែវផុន អនុប្រធានមន្ទីរកិច្ចការនារី ខេត្តព្រះវិហារ បញ្ជាក់ថា នៅក្នុងស្រុកគូលែនមានបទល្មើស នៃការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រីច្រើនជាងស្រុកដទៃ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងថា ករណីនេះលោកបានទទួលបណ្ដឹង របស់ជនរងគ្រោះរួចហើយ ហើយក៏បានបញ្ជូនសំណុំរឿងនេះទៅខាងកាន់ការរិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចហើយដែរ។
លោកអធិការនគរបាលស្រុកគូលែន បានបញ្ជាក់ទៀតថា បើចង់ដឹងរឿងច្បាស់សូមទៅសួរទៅចៅអធិការវត្តភ្នំកន្ធាយដែលរងការចោទប្រកាន់នោះផងទើបល្អទាំងសងខាង។
ជុំវិញករណីខាងលើនេះដែរក្រុមអ្នកសារព័ត៌មាន មិនអាចទាក់ទងសុំការពន្យល់ពីលោកស្នងការរងទទួលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជន នៃខេត្តព្រះវិហារ បាននោះទេ នៅរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។
ដោយឡែកក្នុងករណីនេះដែរ ក្រុមអ្នកសារព័ត៌មានបានទំនាក់ទំនងទៅកាន់មន្ត្រីតុលាការខេត្តព្រះវិហារ និងបានទទួលដំណឹងថា ករណីបណ្ដឹងរំលោភសេពសន្តិវៈលើក្មេងស្រីនៅឃុំត្រយ៉ង់ ស្រុកគូលែន នេះគឺមិនទាន់ដល់ដៃតុលាការនៅឡើយទេ។
ឆ្លើយតបទៅនឹងការចោទប្រកាន់ ថាបានរំលោភសេពសន្តវ:ទៅលើកុមារីអនីតិថិជនពីរនាក់ខាងលើនេះដែរ ព្រះតេជគុណ ទឹម ហ៊ុន ដែលជាព្រះគ្រូចៅអធិការវត្តភ្នំកន្ធាយ បានឲ្យដឹងតាមទូរសព្ទថា ករណីនេះគឺមិនពិតដូចការលើកឡើងនោះទេ។ ដោយព្រះគ្រូចៅអធិការបានបន្តថា នៅយប់ដែលឈ្មោះ សាន បានប្រទះឃើញលោកនឹងក្មេងស្រីនៅតែពីរនាក់ក្នុងព្រៃក្បែរវត្តនោះគឺពិតប្រាកដតែគឺពួកគាត់នាំគ្នាទៅរកអុសនោះទេ មិនមានការប៉ះពាល់គ្នានោះទេ។
ទោះបីជាព្រះគ្រូចៅអធិការវត្តខាងលើ ខំប្រកែកយ៉ាងណាក៏ដោយ ក៍ឈ្មោះ សាន ដែលជាអ្នករស់នៅជិតវត្តបានអះអាងថា លោកបានឃើញព្រះចៅអធិការវត្តភ្នំកន្ធាយ នៅជាមួយក្មេងស្រីនៅក្នុងព្រៃ នៅពេលនោះឃើញក្មេងស្រីអាក្រាតកាយ នៅវេលាម៉ោង ១០ និង ០០ នាទីព្រឹក ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៣។
ចំពោះរឿងនេះ ព្រះមេគណខេត្តព្រះវិហារ បានមានសង្ឃដីការប្រាប់ក្រុមអ្នកសារព័ត៌មានថា រឿងនេះគឺជារឿងមិនពិតនោះទេ អាចមានការរៀបចំដោយសារតែក្នុងជួរគណៈកម្មការវត្តភ្នំកន្ធាយ មានការបែកបាក់សាមគ្គីគ្នា។
ចេញមកបញ្ជាក់ជួនមហាជនផងដែរនោះ លោក វ៉ាន សុង ប្រធានគណៈកម្មាការវត្តភ្នំកន្ធាយ បានរៀបរាប់រឿងរ៉ាវពាក់ព័ន្ធជាមួយព្រះសង្ឃអង្គនេះថា «ពីមុនព្រះសង្ឃរូបនោះមិនដឹងមកពីណាទេមកសុំឲ្យលោកដែលជាអ្នកភូមិនៅទីនេះឲ្យជួយរៀបចំវត្ត ដោយលោកមានចិត្តបុណ្យលោកក៏សុំដីប្អូនរបស់គាត់ និងជួយធ្វើកុដិរួចបានកើតជាវត្តរហូតមកដល់បច្ចុប្បន្ន»។លោក វ៉ាន សុងបញ្ជាក់ថា «គណៈកម្មការវត្តមិនមានចេតនាកាច់កុងណាមួយជាមួយលោកសង្ឃនោះទេ។ចំណែករឿងរំលោភសេពសន្ថវៈនេះ មិនពាក់ព័ន្ធនឹងគណៈកម្មការវត្តនោះទេ គឺជារឿងសមត្ថកិច្ច។លោកសុំច្រានចោលរវាងពាក្យចចាមអារាមថាករណីរំលោភនេះគឺជាការរៀបចំដោយសារគណៈកម្មការវត្តនិងព្រះសង្ឃមិនត្រូវគ្នា»។
ទោះបីជាយ៉ាងណាក្ដី ក្រុមគ្រួសារ ជនរងគ្រោះ ដែលក្រីក្រនេះ នៅតែដង្ហើយហៅរកយុត្តិធម៌ និងទទួចអង្វរ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឯកឧត្តម គឹម រិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ហើយឯកឧត្តមក៏ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងទទួចជាពិសេសដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួសារពួកគាត់ផង ព្រោះពួកគាត់ពុំមានចំណេះដឹង ពុំមានធនធាន ជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ត្រឹមតែជាកម្មករស៊ីឈ្នួលដកដំឡូង គ្មានអ្វីទៅតតាំងជាមួយគេនោះទេ។
សូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះគ្រួសាររងគ្រោះ បានសង្កេតឃើញកូនមានសភាពស្លេកស្លាំងហើយនៅមិនមានលទ្ធភាពនាំកូនទៅមន្ទីរពេទ្យនៅឡើយទេ៕KD
អត្ថបទ និង រូបភាព ដោយ លោក ជុន កុសល