ខេត្តសៀមរាប៖ បុរសខ្មែរ-អាមេរិកកាំងម្នាក់ត្រូវាបានគេប្រទះឃើញស្លាប់ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបនៅវេលាម៉ោង ១០ និង ០០នាទីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសដែលប្រទះឃើញស្លាប់នោះមានឈ្មោះ OUM ROWDRICK មានអាយុ ៧៥ ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែ សញ្ជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ ៥៣១០៦០៧២៦ ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា យោងតាមការស្តាប់បំភ្លឺរបស់ឈ្មោះ ហោ សុធារី ភេទស្រី អាយុ ៣១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវជាក្មួយរបស់ជនរងគ្រោះបានឲ្យដឹងថា «អ៊ុំប្រុសរបស់នាង(សព)ខ្ញុំគាត់បានមកពីសហរដ្ឋអាមេរិក រស់នៅប្រទេសកម្ពុជាវិញអំឡុងឆ្នាំ ២០១៥ ដោយគាត់រស់នៅតែម្នាក់ឯងទេ ដោយប្រពន្ធនិងកូនរបស់គាត់រស់នៅអាមេរិកដដែល ហើយអំឡុងឆ្នាំ ២០១៦ គាត់បានមកជួលបន្ទប់នៅទីតាំងកើតហេតុខាងលើស្នាក់នៅ រហូតដល់ឆ្នាំ ២០១៧ គាត់មានអាការៈឈឺជាទម្ងន់រហូតបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញដោយគាត់មានជំងឺបេះដូងរីកនិងទឹកដក់ក្នុងសួតហើយត្រូវលេបថ្នាំពេទ្យជាប្រចាំថ្ងៃ ក្រោយមកក៏បានធូរស្រាល តែគាត់មិនព្រមទៅរស់នៅសហរដ្ឋអាមេរិកវិញទេដោយគាត់បន្តរស់នៅតែម្នាក់ឯងដដែល ជាក់ស្ដែងនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ អ៊ុំខ្ញុំម្នាក់ទៀតនៅខេត្តកំពង់ចាម បានខលទូរសព្ទមកកាន់ម្ដាយនាងខ្ញុំថាឲ្យទៅជួយមើលអ៊ំប្រុសផង(សព)ព្រោះប្រពន្ធគាត់ខលពីអាមេរិកមកថាគាត់កុំសូវស្រួលខ្លួន ភ្លាមនោះខ្ញុំក៏បានចេញពីផ្ទះមកដល់បន្ទប់ជួលរបស់គាត់ ឃើញថាទ្វារចាក់សោពីខាងក្នុងខ្ញុំបានគោះទ្វារ និងស្រែកហៅ តែពុំឃើញគាត់ឆ្លើយនោះទេ។ ដោយគិតថាមិនស្រួលនាងខ្ញុំក៏បានហៅម្ចាស់បន្ទប់ជួលឲ្យមកជួយមើល និងគាស់ទ្វារដើម្បីចូលទៅក្នុង ពេលគាស់ទ្វារខាងក្រោយបានពួកខ្ញុំចូលទៅក្នុងបន្ទប់ស្រាប់តែឃើញគាត់ដេកផ្កាប់មុខនៅលើឥតការ៉ូជិតគ្រែស្លាប់បាត់ទៅហើយភ្លាមនោះខ្ញុំក៏បានរាយការជូនសមត្ថកិច្ច»។
ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចអាចសន្និដ្ឋានបានថា បុរសខ្មែរអនិកជនខាងលើបានស្លាប់ដោយសារគាំងបេះដូង ស្ទះសរសៃឈាមបេះដូង។
បច្ចុប្បន្ននេះ ដោយមានការសម្រេចពីស្ថានទូតអាមេរិកកាំងប្រចាំប្រទេសកម្ពុជាសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យធ្វើបុណ្យតាមប្រពៃណីហើយ៕នាគស