Friday, October 11, 2024

បុរសអាមេរិកកាំងម្នាក់ស្លាប់ នៅក្នុងបន្ទប់លេខ B៥០៣a នៃ Apartment មួយកន្លែងកណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប៖ បុរសអាមេរិកកាំងម្នាក់ បានស្លាប់នៅក្នុងបន្ទប់លេខ B៥០៣a នៃ Apartment មួយកន្លែងសុំ មិនឱ្យបញ្ចេញឈ្មោះ ព្រោះជារបស់អ្នកមានអំណាចមួយរូប ដែលមានទីតាំងស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ថា បុរសជនជាតិអាមេរិកកាំងដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ KANA MEHMET ALI UGURHAN ភេទប្រុស ៦៤ឆ្នាំ មុខរបរគ្មាន ជនជាតិ អាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ A16210545 ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា នៅកន្លែងកើតហេតុ បុរសម្នាក់មានឈ្មោះ ថុន ណារ៉ា អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ដែលជាអ្នកគ្រប់គ្រងទូទៅក្នុងអាផាតាមិន (Apartment) បានឲ្យដឹងថា «ខ្ញុំបាទបានចូលបម្រើការងារនៅទីតាំងខាងលេីនេះរយៈពេលជាង០១ឆ្នាំហើយ ជារៀងរាល់ថ្ងៃខ្ញុំត្រូវចូលធ្វើការនៅម៉ោង ០៩ និង ០០នាទី ព្រឹកដល់ម៉ោង ២១ និង ០០នាទីយប់ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ មានឈ្មោះ KANA MEHMET ALIUGURHAN (សព) បានចូលមកជួលបន្ទប់ស្នាក់តែម្នាក់ឯង នៅបន្ទប់លេខ B៥០៣a ។ អំឡុងពេលស្នាក់នៅខ្ញុំ ឃើញគាត់ ដើរ ចេញចូលជាធម្មតា និងតែងតែអង្គុយជក់បារីនៅ ខាងមុខអគារ ជាក់ស្ដែងនៅវេលាម៉ោង ១០ និង ៤០នាទីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខ្ញុំបាទបានទទួលពត៌មានពីបុគ្គលិក ផ្នែករៀបចំបន្ទប់ សុំអោយជួយមកពិនិត្យនៅ បន្ទប់ភ្ញៀវលេខ B៥០៣a (អ្នករៀបចំបន្ទប់) បានគោះទ្វារចំនួន ០៣ដងតែគ្មានអ្នកបើក បន្ទាប់មក ខ្ញុំបាទ និងឈ្មោះ នួន រ័ត្នដានី ភេទស្រី ជនជាតិខ្មែរ បានឡើងទៅពិនិត្យ មើលជាមួយគ្នាពេលទៅដល់ ពួកខ្ញុំបាទបានគោះទ្វារ និងហៅ ឈ្មោះគាត់តែមិនមាន អ្នកឆ្លើយតបឃើញដូចនោះ ខ្ញុំបាទបានចាក់សោរទ្វារចូលទៅ មើលក៏បានឃើញគាត់ ដេកលើគ្រែក្នុងស្ថានភាព ដណ្តប់ភួយត្រឹមដើមទ្រូង ភ្លាមនោះ ដោយមានការសង្ស័យ ខ្ញុំបាទបានដើរទៅជិត និង យកដៃដាក់ត្រង់ច្រមុះគាត់ឃើញថាមិនមានដង្ហើម បន្ទាប់មក ខ្ញុំបាទក៏បានរាយការណ៍ ជូនសមត្ថកិច្ចឲ្យមកជួយអន្តាគមន៍»។

ប្រភពដដែលបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចអាចសន្និដ្ឋានបានថា បុរសជនជាតិអាមេរិកកាំងដែលបានស្លាប់នេះ គឺដោយសារ គាំងបេះដូង ដោយស្ទះសរសៃឈាមបេះដូង។

បច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធីហើយ៕KD

ព័ត៌មានពេញនិយម