ខេត្តសៀមរាប៖ ប្រទះឃើញបុរសជនជាតិអាល្លឺម៉ង់ម្នាក់ដេកស្លាប់នៅលើម៉ូតូខាងមុខផ្ទះជួល ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ជួនសមត្ថកិច្ច កាលពីវេលាម៉ោង ២៣ និង ០៧នាទី ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
សមត្ថកិច្ចឱ្យដឹងថា ក្រោយពីដឹងកើតហេតុរួចមក នៅវេលាម៉ោង ៨ និង ០០នាទី ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៤ ជំនាញបានចុះទៅដល់ចំណុច:ផ្ទះជួលខាងលើ ក៍ឃើញថា ពិតជាមានបុរសជនជាតិ អាឡឺម៉ង់ ដែលមានឈ្មោះ METZLER PHILIPP KARL អាយុ ៦៧ឆ្នាំ កម្ពស់ 1.78 ម មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ C4KXZGTVL ស្នាក់នៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ ពិតប្រាកដមែន។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុមិត្តប្រុសរបស់សព ដែលមានឈ្មោះ វ៉េ សុវ៉ាត់ ភេទប្រុស អាយុ 31 ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន នៅម្ដុំផាប់ស្រ៊ី្ទត មានទីលំនៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ បានរៀបរាប់ឱ្យដឹងថា «ខ្ញុំបាទបានស្គាល់គាត់(សព)រយៈពេល ៩ ឆ្នាំមកហើយ ហើយពួកខ្ញុំបានរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ(ស្រឡាញ់ភេទដូចគ្នា)តាំងពីរស់នៅជាមួយគ្នាមកពួកយើងពុំដែលឈ្លោះគ្នាទេ ហើយគាត់ចូលចិត្តជក់បារីនិងផឹកភេសជ្ជៈផ្អែមៗគ្រឿងកំប៉ុងគ្រប់ប្រភេទ និងស្រាបៀរផងដែរ មួយរយៈប៉ុន្មានខែចុងក្រោយនេះគាត់ញ៉ាំថ្នាំពេទ្យជារៀងរាល់ថ្ងៃនិងតែងតែទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យនាគទេព តែគាត់ពុំដែលប្រាប់ខ្ញុំថាគាត់មានជំងឺប្រចាំកាយអ្វីនោះទេ ហើយខ្ញុំសង្កេតឃើញថាមួយរយៈនេះគាត់មានអាការៈខ្សោយទ្រុឌទ្រោមឧស្សាហ៍ដួល ខ្ញុំក៏បានប្រាប់គាត់ដែរថាកុំឱ្យជិះម៉ូតូចេញក្រៅតែឯងដោយសារសុខភាពរបស់គាត់មើលទៅខ្សោយ ក្រែងពុំមានសុវត្ថិភាព លុះដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ១៥ និង ៣០ នាទី ខ្ញុំបានចេញពីផ្ទះជួលទៅធ្វើការដូចសព្វដង ចំណែករូបគាត់(សព)នៅផ្ទះហើយខ្ញុំបានប្រាប់គាត់ថាកុំទៅណាព្រោះសុខភាពអ្នកខ្សោយណាស់ ជាក់ស្ដែងលុះដល់វេលាម៉ោង ២៣ និង ០៧ នាទី ថ្ងៃខែឆ្នាំដដែល ខ្ញុំមកពីធ្វើការវិញបានបើកទ្វាររបងខាងមុខដើម្បីចូលទៅក្នុងផ្ទះស្រាប់តែឃើញគាត់ដេកលើម៉ូតូហុងដា pcx ពណ៌ស ផ្លាកលេខ ១w-៣៧២២ ខាងមុខផ្ទះ ភ្លាមនោះខ្ញុំក៏បានរត់ទៅលើកគាត់ស្រាប់តែឃើញមុខគាត់ឡើងពណ៌ស្វាយខ្លួនប្រាណគាត់ទន់តែពុំមានដកដង្ហើមទេ ដោយភ័យពេកខ្ញុំក៏បានស្រែកឲ្យអ្នកជិតខាងជួយតែពុំមានអ្នកឮទេដោយសារយប់ជ្រៅហើយខ្ញុំក៏បានរាយការណ៍ជូនសមត្ថកិច្ច»។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យជំនាញសន្និដ្ឋានបានថា បុរសជនជាតិអាល្លឺម៉ង់ម្នាក់ដែលបានស្លាប់នោះ គឺដោយសារ តែគាំងបេះដូង។ បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕នាគស