Sunday, November 24, 2024

រឿងរ៉ាវ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលរងការផាកពិន័យ ក្នុងករណីអ្នកបើកបររបស់លោក បើកលើសល្បឿនកំណត់ និងត្រូវបង្ខំឱ្យដោះភ្លើងដែលខុសបច្ចេកទេស ត្រូវបានសមត្ថកិច្ចចេញសេចក្តីបំភ្លឺព័ត៌មាន

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនិងរឿងរ៉ាវ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលរងការផាកពិន័យ ក្នុងករណីអ្នកបើកបររបស់លោក បើកលើសល្បឿនកំណត់ និងត្រូវបង្ខំឱ្យដោះភ្លើងដែលខុសបច្ចេកទេស ដើម្បីឱ្យអ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញសង្គម Facebook និងសាធារណជនបានជ្រាប។

សេចក្តីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលចរាចរណ៍មួយក្រុមចំនួន១២នាក់ ដឹកនាំដោយលោកវសេនីយ៍ទោ គាំ សុកុល នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លើផ្លូវ ជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រ លេខ៦៥-៦៦ នៅត្រង់ចំណុចផ្លាកកំណត់ល្បឿន ៦០Kmh ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។

សេចក្តីបំភ្លឺព័ត៌មានដដែលបន្តថា នៅម៉ោង១០ និង៣០នាទី នាថ្ងៃខែឆ្នាំដដែរ កម្លាំងនគរបាលចរាចរណ៍ បានឃាត់រថយន្ត ០១គ្រឿងម៉ាកតូយូតា ធុនដ្រា (TOYOTA TUNDRA) ពណ៌ក្រហម ក្រម៉ៅ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1699 បើកបរលើសល្បឿនកំណត់ ៨៤គម/ម លើ៦០គម/ម ហើយមានបំពាក់ភ្លើងបន្ថែមខុសលក្ខណៈ បច្ចេកទេស១ខ្សែ នៅលើស្លាកលេខ។ សេចក្តីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រោយពីកម្លាំងជំនាញបានពន្យល់ណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោករួចមក អ្នកបើកបរក៏យល់ព្រមទទួលស្គាល់កំហុស និងឱ្យកម្លាំងជំនាញធ្វើការផាកពិន័យទៅតាមច្បាប់កំណត់។ រីឯភ្លើង ដែលបំពាក់បន្ថែម កម្លាំងជំនាញបានធ្វើកិច្ចសន្យាឱ្យទៅដោះខ្លួនឯង ។

សូមរម្លឹកជួនផងដែរថា កាលពីព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ មានចែករំលែកវីដេអូ ដែលបានផ្សាយផ្ទាល់ រយៈពេល ៧នាទី និង២១វិនាទី ដោយ គណនេយ្យហ្វេសប៊ុកផ្លូវការការ របស់ លោកដែលមានឈ្មោះ «ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា»។ នៅក្នុងវីដេអូនោះបានបង្ហាញអំពីសកម្មភាព លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា រងការផាកពិន័យ ក្នុងករណីបើកបរលើសល្បឿនកំណត់ និងត្រូវបង្ខំឱ្យដោះភ្លើងដែលខុសបច្ចេកទេស នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលកំពុងរងការផាកពិន័យ ហាក់បង្ហាញការមិនពេញចិត្ត ចំពោះការកំណត់ល្បឿន ៦០គម/ម «សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

សូមណូមពរ កុំអោយចាំចាប់ល្បឿន ៤០ ទៅ ៦០km/h អី (ខ្ញុំអោយតៃកុងឡាន បើក៨០kh/h តែមកជាប់៦០km/h )»។

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបញ្ជាក់បែបចំអកថា «យកថវិការជូនរដ្ឋ កុំដាក់ចូលប្រអប់ ឯកជន

សូមដាក់ផ្លាក់ល្បឿនអោយ ធំ និង ច្បាស់ បន្តិច

បើប្រជាពលរដ្ឋ ខ្វះខាតអី អប់រំ យោគយល់ផង !

សូមមានក្រមសីលធម៌ ទាំងអស់គ្នា»។

សូមបញ្ជាក់ជូនផងដែរថា រថយន្តដែលលោកឧកញ៉ាភារម្យ វិចិត្រដារ៉ា បានធ្វើដំណើរនោះម៉ាក់ Toyota Tundra ពណ៌លឿងក្រម៉ៅ ផ្លាកលេខ ភ្នំពេញ ២AK-១៦៩៩ ដែលមានតៃកុងឈ្មោះ យី វណ្ណា បានបើកបរក្នុងល្បឿន ៨៤គម/ម ដោយលើសល្បឿនកំណត់ ២០ ទៅ ២៩គម/ម និងត្រូវរងការផាកពិន័យ ចំនួន ១៥ម៉ឺនរៀល ហើយថែមទាំងត្រូវបានដក ពិន្ទុលើប័ណ្ណបើកបរចំនួន ២ពិន្ទុផងដែរ៕KD

ព័ត៌មានពេញនិយម