Sunday, November 24, 2024

សិស្សសាលាអន្ដរជាតិកុលបុត្របញ្ញា ម្នាក់បានស្លាប់យ៉ាងអាណោចអាធម័ ក្នុងរថយន្តដឹកសិស្ស ដោយសារអ្នកបើកបរបិទទ្វារទុកចោលជាង៤ម៉ោង

ខេត្តកំពង់ធំ ៖ ដោយការធ្វើប្រហែសរបស់អ្នកបើកបររថយន្ត នៃសាលាអន្ដរជាតិកុលបុត្របញ្ញា ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រាល (ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបណ្ដាលឱ្យកុមារា អាយុ ៤ឆ្នាំ ម្នាក់ ជាប់ក្នុងរថយន្តដឹកសិស្ស របស់សាលារៀនរយៈពេលជាង ៤ម៉ោង រហូតថប់ដង្ហើមស្លាប់យ៉ាងអាណោចអាធម័ កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ចនគរបាលស្រុកកំពុងស្វាយបានឲ្យដឹងថា កុមារារងគ្រោះ ដែលស្លាប់ក្នុងរថយន្តនោះមានឈ្មោះ យ៉ុម រៃយ៉ា អាយុ ០៤ឆ្នាំ ជាសិស្សរៀននៅសាលាខាងលើ មានទីនៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ចំណែកឯអ្នកបើកបរដែលមានការធ្វេសប្រហែសនោះ (ជនសង្ស័យ) មានឈ្មោះឡុង សុីណែត ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរម្ចាស់សាលា ផង ជាគ្រូបង្រៀន និង ជាអ្នកបើករថយន្តដឹកសិស្ស មានប្ដីឈ្មោះ ឈិត សោភ័ណ្ឌ មុខរបរជាម្ចាស់សាលាផង ជាគ្រូបង្រៀនផង និង ជាអ្នកបើកបរផងនៅសាលាខាងលើ។
សមត្ថកិច្ចបន្តថា ឈ្មោះ ឈិត សោភ័ណ្ឌ និងប្រពន្ធឈ្មោះ ឡុង សុីណែត បានបើកសាលាឯកជន អន្តរជាតិ កុលបុត្របញ្ញា ដោយបង្រៀនផង បើករថយន្តដឹកកូនសិស្សតាមផ្ទះរាល់ថ្ងៃផង ដោយពេលខ្លះប្តីបើក ពេលខ្លះប្រពន្ធ។ ជាក់ស្តែងថ្ងៃកើតហេតុ វេលាម៉ោង ១រសៀល ឈ្មោះ ឡុង សុីណែត ជាប្រពន្ធបានបើករថយន្តទៅយកសិស្សមកសាលា ពេលមកដល់ឈប់នៅខ្លោងទ្វាមុខផ្ទះហើយបើកទ្វារថយន្តឲ្យសិស្សចុះប្រគល់ជូនអ្នកគ្រូបង្រៀន និងបានប្រាប់ថា ថ្ងៃនេះសិស្សមកមិនអស់ទេ អ្នកគ្រូក៏ធ្វើវត្តមាន និងបង្រៀនធម្មតា រហូតចប់ម៉ោងបង្រៀន នៅម៉ោង ៤ និង ៣០នាទី ត្រូវដល់ពេលដឹកសិស្សយកទៅផ្ទះវិញ លុះពេលបើកទ្វារថយន្តឲ្យកូនសិស្សឡើង ស្រាប់តែប្រទះឃើញសិស្ស ម្នាក់សន្លប់នៅលើរថយន្ត ហើយឈ្មោះឡុង សុីណែត ឃើញដូច្នេះបានដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យខេត្តកំពង់ធំ។ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានពិនិត្យប្រាប់ថាក្មេងនោះស្លាប់ហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ពេលនោះស្ត្រីឈ្មោះ ឡុង ស៊ីណែត បានដឹកសពត្រឡប់មកវិញដល់មុខស្តាតថ្មី ភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឃើញសភាពការណ៏មិនស្រួល ក៍ឱ្យប្ដី លោកគ្រូ ឈិត សោភ័ណ្ឌ ទូរសព្ទ ហៅឈ្មោះ ឆាន សំណាង នៅភូមិរូងឲ្យមកបើកបន្ត តែឈ្មោះ ឆាន សំណាង មកដល់មិនហ៊ានបើកបានរាយការណ៍ជួនលោកនាយប៉ុស្តិ៍ត្រពាំងឬស្សី បើកបន្តយកសពក្មេងនោះមកប្រគល់ជូនឪពុកម្តាយ ចំណែកអ្នកគ្រូ ឡុង ស៊ីណែត បានធ្វើការគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅមិនទាន់អាចសុំធ្វើការបំភ្លឺពី លោកគ្រូ ឈិត សោភ័ណ្ឌ ម្ចាស់សាលាអន្ដរជាតិកុលបុត្របញ្ញា និងអាណាព្យាបាលសិស្សដែលបានស្លាប់បាត់បង់ជីវិតនៅឡើយទេ។
មហាជនបានសម្ដែងនូវកាកសង្វេគ ចំពោះសោកនាដកម្មដែលមិនគួរកើតមានឡើងនៅជាខ្លាំង ហើយក៏បានសំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាពិសេសក្រសួងអប់រំយុវជន និងកីឡា មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគ្រូបង្រៀនទាំងពីរនាក់ប្ដីប្រពន្ធ ដែលមានមុខរបរជាម្ចាស់សាលាផង ជាគ្រូបង្រៀនផង និង ជាអ្នកបើកបរផងនេះ ឱ្យសមនឹងទោសទណ្ឌ ដែលមានការថ្វេសប្រហែស មិនទទួលខុសត្រូវ និងបង្កអីមានសោកនាដកម្ម លើកុមារ ដែលមហាជនគ្រប់គ្នាមិនហ៊ានសូម្បីតែស្រមៃឃើញនេះផង៕KD

ព័ត៌មានពេញនិយម