Saturday, November 23, 2024

អគ្គនាយក CMAC សំណូមពរកំលាំងសមត្ថកិច្ច និងក្រសួងពាក់ពន្ធ័ចាត់វិធានការចំពោះស្ត្រី ២នាក់ ដែលបរិភោគសាច់សុនក(ឆ្កែ) និងស្នើរឱ្យរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខនៅកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សំណូមពរកំលាំងសមត្ថកិច្ចពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការអប់រំចំពោះស្ត្រី ២នាក់ ដែលបរិភោគសាច់សុនក(ឆ្កែ) និងស្នើរឱ្យរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខនៅកម្ពុជា បន្ទាប់មានការចែករំលែកវីដេអូ ដែលស្ត្រី ២នាក់បាននឹងកំពុងធ្វើការចំអិនម្ហូបសាច់សុនក បរិភោគ ដោយគ្មានការខ្មាសអៀន។ នេះបើយោងតាមហ្វេសប៊ុក របស់ ឯឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា «HENG Ratana» ដែលបានបង្ហោះកាលពីពេលថ្មីៗកន្លងទៅ។

ឯកឧត្តម ហេង រតនា ថ្លែងបែបសង្វេគក្នុងចិត្តថា «ខ្ញុំពិតជាមានក្តីរន្ធត់និងសង្វេកខ្លាំងណាស់ ដោយប៉ុន្មានថ្ងៃនេះឃេីញស្ត្រីខែ្មរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនខ(ឆ្កែ) ហេីយធ្វេីការផ្សព្វផ្សាយតាមបណ្តាញសង្គម(Tik Tok)។ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគខ្លែមស្រា ដោយគ្មានការអៀនខ្មាសអ្វីបន្តិចសោះឡេីយ! ខ្ញុំសង្វេកនិងសោកស្តាយបំផុតចំពោះទង្វេីរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៍ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វេីដែលគួរតែមានច្បាប់ហាមឃាត់»។

ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បន្តថា «អង្គភាពសុីម៉ាក់តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនខជាសហការីដ៍ស្មោះត្រង់និងកំលាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់សង្គ្រាម»។

ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានសំណូមពរយ៉ាងទទួចថា «នៅចំពោះមុខនេះខ្ញុំសូមសំណូមពរកំលាំងសមត្ថកិច្ចពាក់ពន្ធ័ ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មេីសនេះ!

វិធានការបន្ទាប់ ព្រះរាជាណាចក្ររបស់យេីងក្នុងកាល:ទេស:នេះ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខ ដូចបណ្តាប្រទេសចំរេីនជឿនលឿនមួយចំនួនលេីពិភពលោកនេះ។ សូម្បីតែក្រុងហាណូយប្រទេសវៀតណាម ក៏គិតគូររៀបចំច្បាប់ហាមបរិភោគសាច់សុនខ ប្រយោជន៍ដេីម្បីចូលរួមទាក់ទាញទេសចរបរទេសផងដែរ!! »។

សូមរម្លឹកជួនផងដែរថា កន្លងទៅតាមរយៈហ្វេសប៊ុករបស់ឯឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឬស៊ីម៉ាក់បាននបរិយាយថា ៖ «សុនខហិតជាតិផ្ទុះ និងហិតមីន សុនខប្រឆាំងគ្រឿងញៀន សុនខសន្តិសុខ សុនខប្រឆាំងភេវរកម្ម សុនខកងទ័ព សុនខគ្រួសារ ពួកគេជាសមាជិកគ្រួសារ ជាមិត្តភក្តិ ជាមិត្តរួមអាវុធដ៏ស្មោះត្រង់បំផុត ពួកគេខិតខំហាត់ពុតលត់ដំ តាំងពីតូចរហូតមានជំនាញច្បាស់លាស់ និងមានសមត្ថភាពបម្រើមនុស្សលោក ។

ឯកឧត្តមក៍ធ្លាប់បានបន្ថែមទៀតថា «អ្នកបរិភោគសាច់សុនខ ដូចបរិភោគសាច់កូនចៅ មិត្តភក្តិខ្លួនឯង ហើយការបរិភោគសាច់សុនខនេះ វាក៏ប្រឆាំងទៅនឹងទំនៀមទំលាប់វប្បធម៌ប្រពៃណីដ៏ល្អប្រពៃនៃជាតិសាសន៍ខ្មែរយើងផងដែរ!»។

រហូតមកដល់ពេលនេះ មិនទាន់ឃើញមានសញ្ញាណាមួយ ដែលបញ្ជាក់ពីអាជ្ញាធរ និង ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម ថានឹងចាត់វិធានការទៅលើស្ត្រីដែលបរិភោគសាច់សុនកនោះ និងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខនៅឡើយទេ៕នាគស

ព័ត៌មានពេញនិយម