Tuesday, November 12, 2024

កម្ពុជាទទួលបានចំណូលជាង ៥.៦ លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសសម្រាប់ ០១ខែ ដើមឆ្នាំ២០២៤នេះ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០២៤កន្លងទៅ គ្រឹះស្ថានអង្គរប្រកាសថា កម្ពុជាទទួលបានចំណូល ៥,៦៤៣,៣១៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស នៅក្នុងខែមករា ឆ្នាំ២០២៤នេះ។

គ្រឹះស្ថានអង្គរបន្តថា ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១១៥,៥៣២នាក់ កើន ៤៩.២០% និងទទួលបានចំណូល ៥,៤៩៨,០៥៤ដុល្លារអាមេរិក កើនឡើង ៥០.៩០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ចំណូលបានមកពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់ខែមករា មានចំនួន២ ៨៩៤នាក់ = ៤៣ ៤១០ ដុល្លារ ។
ចំណូលពីការលក់សំបុត្រទូក ខែមករា មានចំនួន = ១០១ ៨៥៤ ដុល្លារ ក្នុងនោះចំនួនទូកសរុប ៣ ២០៣ (ទូកតូច-១ ៩១៦, ទឹកកណ្តាល ១១៤៤ និងទូកធំ ១៤៣)។
គ្រឹះស្ថានអង្គរបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០២៤នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ២៣១,០៦៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
សូមជម្រាបជូនផងដែរថា កាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៧៩ម៉ឺននាក់ និងទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិកផងដែរ៕KD

ព័ត៌មានពេញនិយម