Friday, November 22, 2024

ឃាត់ខ្លួន ជនជាតិកូឡុំប៊ី ម្ចាស់ភោជនីយដ្ឋាន AMBAR ក្នុងករណីឆបោកប្រាក់ចំនួន ៣៤៨៤០$ ដោយតាំងខ្លួនជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់ធ្វើពីគ្រីស្តាល់ នៅប្រទេសចិន ដែលអាចលក់ឱ្យជនរងគ្រោះក្នុងតម្លៃពិសេស

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ២០ និង ០០នាទី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចក្លឹបកីឡា ROYAL SPORT CLUB ស្ថិតនៅភូមិស្វាយដង្គំ  សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួន ជនជាតិកូឡុំប៊ី ម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋាន AMBAR មានទីតាំងនៅតាមបណ្តោយផ្លូវស្ទឹងថ្មី ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ករណីឆបោកប្រាក់ចំនួន ៣៤៨៤០$ ដោយតាំងខ្លួនជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់ធ្វើពីគ្រីស្តាល់ នៅប្រទេសចិន ដែលអាចលក់ឱ្យជនរងគ្រោះក្នុងតម្លៃពិសេស ប្រព្រឹត្តកាលពីអំឡុងខែ មិថុនា និងខែកក្កដា ឆ្នាំ២០២៣។សមត្ថកិច្ចថា ជនបរទេសដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ORJUELA ACOSTA GERMAN ANDRES ភេទប្រុស អាយុ ៤១ឆ្នាំ ជាជនជាតិ កូឡុំប៊ី កាន់លិខិតឆ្លងដែនលេខ ៥៤៣១៣០០៣១ មុខរបរ ម្ចាស់ភោជនីយដ្ឋាន AMBAR បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។សមត្ថកិច្ចបន្តថា កាលពីអំឡុងខែ មិថុនា និងខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យបានអះអាងថាខ្លួនមានក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់ធ្វើពីគ្រីស្តាល់ នៅប្រទេសចិន ហើយគេអាចលក់ឱ្យជនរងគ្រោះក្នុងតម្លៃពិសេស ៣៤៨៤០$។ដោយឃើញតម្លៃសមរម្យ ជនរងគ្រោះក៍បានសម្រេចចិត្តបញ្ជាទិញពីជនសង្ស័យ នឹងបានផ្ទេរប្រាក់កក់លើកទី១ ចំនួន១៣៦០០$ ឱ្យជនសង្ស័យតាមរយៈគណនី ABA បន្ទាប់មកនាអំឡុងខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យបានប្រាប់ជនរងគ្រោះថា សម្ភារៈដែលជនរងគ្រោះបានបញ្ជាទិញនោះ បានបញ្ជូនមកដល់រាជធានីភ្នំពេញហើយ នឹងសូមឱ្យជនរងគ្រោះទូរទាត់ប្រាក់ដែលនៅសល់ឱ្យខ្លួន ដើម្បីដឹកជញ្ជូនសម្ភារៈមកឱ្យជនរងគ្រោះនៅខេត្តសៀមរាប។ ភ្លាមនោះជនរងគ្រោះក៍បានផ្ទេរប្រាក់ដែលនៅសល់ ចំនួន២១២៤០$ ឱ្យជនសង្ស័យតាមរយៈគណនីABA បន្ថែមទៀត សរុបទាំងអស់ស្មើនឹង ៣៤៨៤០$។ បន្ទាប់ពីបានទទួលប្រាក់គ្រប់ចំនួនហើយ ជនសង្ស័យមិនបានបញ្ជូនសម្ភារៈនោះមកឱ្យជនរងគ្រោះតាមការសន្យាទេ ហើយបានព្យាយាមគេចវេសមិនព្រមជួបដោះស្រាយជាមួយជនរងគ្រោះឡើយ រហូតដល់វេលាម៉ោង១៤ និង ៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានព្យាយាមនិយាយលួងលោមជនសង្ស័យឱ្យមកជួបខ្លួននៅក្លឹបកីឡា ហើយក៍បានប្តឹងរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីហើយ៕នាគស

ព័ត៌មានពេញនិយម