Sunday, November 24, 2024

ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញវាទាន់ពេលវេលា

ប្រជាពលរដ្ឋកម្ពុជាទូទៅក៏ដូចជាប្រជាពលរដ្ឋទូទាំងពិភពលោក តែងតែមានការព្រួយបារម្ភអំពីជំងឺមហារីក ហើយគ្រប់ៗគ្នាសុទ្ធតែមិនចង់ឮ មិនចង់ឃើញ និងមិនចង់យល់នោះឡើយ។

នៅថ្ងៃនេះ លោកវេជ្ជបណ្ឌិតជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត្រ បាននាំបងប្អូនប្រជាពលរដ្ឋយើងឲ្យបានដឹងអំពី ជំងឺមហារីកក្រពះ និងការការពារនិងព្យាបាល។

លោកវេជ្ជបណ្ឌិតជំនាញថា មហារីកក្រពះកើតឡើងនៅពេលដែលកោសិកានៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់កាចសាហាវ។

លោកវេជ្ជបណ្ឌិតជំនាញក៏បានប្រាប់អំពីមូលហេតុផងដែរថា «មូលហេតុឲ្យពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ កត្តាបង្កនៃជំងឺនេះមានដូចជា៖

•មានមេរោគក្រពះ Infection à helicobacter Pylori

• កត្តាចំនីអាហារ ចំណីអាហារប្រៃ, ចំនីអាហារផ្អាប់ និងមានផ្សែង

• មានគ្រួសារកើតជំងឺមហារីក

• ជក់បារី និងពិសារស្រា។»

លោកវេជ្ជបណ្ឌិតជំនាញ បានប្រាប់អំពីរកសញ្ញានៃជំងឺមហារីកនេះថា «រោគសញ្ញានៃជំងឺកាចសាហាវនេះគឺ ៖

• ឈឺចុងដង្ហើម, ឆ្អល់ពោះ

• អត់រំលាយអាហារ

• ស្រកទំងន់ រឺមិនឃ្លានអាហារ

• លាមកខ្មៅ

• ចង្អោរ និងក្អួត

• ស្លេកស្លាំង។

លោកវេជ្ជបណ្ឌិតជំនាញបន្ថែមថា «ហើយដើម្បីដឹងថាអ្នកជំងឺកើតជំងឺមហារីកក្រពះយើងត្រូវធ្វើការឆ្លុះក្រពះ និងច្រឹបសាច់យកទៅពិនិត្យ»។

លោកវេជ្ជបណ្ឌិតជំនាញ ក៏បានប្រាប់អំពីវិធី នៃការព្យាបាល និងការពារថា « ជំងឺមហារីកក្រពះ ត្រូវបានព្យាបាលដោយ ៖

• ការវះកាត់

• ការចាក់ថ្នាំគីមី

• ការបញ្ចាំងកាំរស្មី។

ហើយយើងអាចការពារជំងឺមហារីកក្រពះបានដោយ៖

• ពិសារសាប, ជៀសវាងចំណីអាហារកំប៉ុង រឺផ្អាប់

• ពិសារផ្លែឈើស្រស់ និងបន្លែទៀតទាត់

• រក្សាទំងន់ដោយការហាត់ប្រាណ

• ចៀសវាងជក់បារី និង ពិសារស្រា»។

លោកវេជ្ជបណ្ឌិតជំនាញបានបញ្ជាក់ថា ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញវាទាន់ពេលវេលា។

សូមពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រួពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរក្សាសុខភាពលោកអ្នក ឲ្យបានរឹងមាំសម្រាប់គ្រួសារអ្នក មិត្តភក្តិអ្នក ព្រមទាំងមនុស្សជាទីស្រលាញ់របស់អ្នក និងសង្គមជាតិទាំងមូល៕KD

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត្រ

ព័ត៌មានពេញនិយម