រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចុះហត្ថលេខាលើ សេចក្តីសម្រេចលេខ ១២ កយ.សសរ/២៤ ស្ដីពីការបង្កើតក្រុមការងារពិសេសតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះ។
សេចក្តីសម្រេច ការបង្កើតក្រុមការងារពិសេសតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការ អយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលសរសេរជា អក្សរកាត់ថា ក.គ.ច.អ. ចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅ តាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះ មានសមាសភាពចូលរួមចំនួន ២៥ រូប។
សេចក្តីសម្រេចដដែល បញ្ជាក់ថា ក្រុមការងារ ក.គ.ច.អ. ទាំង ២៥ រូប មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
• ជាសេនាធិការប្រតិបត្តិរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការ ក្នុងការតាមដាន និងត្រួតពិនិត្យ ការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីនៅគ្រប់ដំណាក់កាល នៃនីតិវិធី ចំពោះសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន។
• ពិនិត្យ ផ្តល់យោបល់ និងលើកសំណើវិធានការចំពោះភាពមិនប្រក្រតីនៃចំណាត់ការរបស់ តុលាការចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលត្រូវបានរកឃើញ។
• សម្របសម្រួលការងារ និងសហការជាមួយសាលាជម្រះក្តី និងស្ថាប័នពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌ ការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តការងារ។
• ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តការងាររបស់ខ្លួន និងលើកសំណើវិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាប្រឈម ជូនប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ពិនិត្យ និងសម្រេច។
• អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ៕នាគស