រាជធានីភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៦នាក់ក្នុងនោះមានជនជាតិចិនតៃវ៉ាន់ ជនជាតិចិន និងជនជាតិសិង្ហបុរី រួមនិងវត្ថុតាងគ្រឿងញៀន ៥១កេស ដែលមានចំនួន ១៥៣០ដុំ ស្មើទម្ងន់ ១ តោន ៥១៣ គ.ក្រ និង ៤០៩.៦០ក្រាម ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។
សូមរំលឹកជូនផងដែរថា កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេត ឃ្លាំមើលមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ចេញតាមលំហសមុទ្រ ទៅដែនកោះតៃវ៉ាន់ នៅចំណុចទី១ នៅកំពង់ផែកំពេញស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទី២ នៅផ្ទះជួលគ្មានលេខ ផ្លូវទំនប់រលក ភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ និងទី៣ក្នុង ផ្ទះលេខ១៥៦ ផ្លូវ២៣ បូរីពិភពថ្មី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យសរុប ចំនួន៦នាក់។
ក្នុងប្រតិបត្តិការនោះវត្ថុតាងដកហូតរួមមាន ៖ គ្រឿងញៀនសរុប ១៥៣០ដុំ ស្មើទម្ងន់ ១ តោន ៥១៣ គ.ក្រ និង ៤០៩.៦០ក្រាម
– គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ១០០០ដុំ ស្មើទម្ងន់ ៩៨០ គ.ក្រ និង ៨០០ក្រាម
– គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ៥៣៤ដុំ. ស្មើទម្ងន់ ៥៣២ គ.ក្រ និង ៦០៩.៦០ក្រាម។
លោកឧត្តមសេនីយ៍ឯក ឃឹម សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លើកឡើងថា គ្រឿងញៀនទាំងនោះ គឺដឹកចេញពីតំបន់ត្រីកោណមាស ប្រទេសឡាវ ទៅកាន់ដែនកោះតៃវ៉ាន់ ដោយឆ្លងកាត់ប្រទេសកម្ពុជា។ លោកថា មុននឹងចេញធ្វើសកម្មភាពដឹកជញ្ជូន កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ក្រុមឧក្រិដ្ឋជនទាំងនោះបានត្រៀមខ្លួនរហូតដល់ពីរសប្តាហ៍ទៅហើយ ដើម្បីដឹកគ្រឿងញៀនតាមទូកនៅក្នុងខេត្តព្រះសីហនុចេញទៅកោះតៃវ៉ាន់។
លោកឧត្តមសេនីយ៍ឯក ឃឹម សារ៉ាត់ បន្តថា «ថ្ងៃទី៣ ទី៤ ទី៥ ទី៦ វាចេញធ្វើសកម្មភាព។ រហូតដល់យប់ថ្ងៃទី២២នេះ វាធ្វើសកម្មភាពបាន ដោយសារយើងសង្ស័យខ្លាំងមែនទែន វាជួលមនុស្ស វាជួលគ្នាវាអី ឱ្យត្រៀមចាំហើយស្រេច ពេលវាដឹកអីវ៉ាន់ទៅលំហសមុទ្រ បានន័យថា ទៅលំហសមុទ្រអន្តរជាតិ ដើម្បីផ្ទេរគឺយើងដឹងសកម្មភាពទាន់គឺយើងកាក់ជាប់ជាមួយនឹងវរៈព្រំដែនទឹកជាមួយនឹងស្នងការខេត្តព្រះសីហនុបានជោគជ័យតែម្តង»។
លោកឧត្តមសេនីយ៍ឯក ឃឹម សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា «សមត្ថកិច្ចបានតាមដាននិងស៊ើបអង្កេតករណីនេះ អស់រយៈពេលមួយឆ្នាំមកហើយ ទើបតែមកទល់ពេលនេះ សមត្ថកិច្ចចាប់ឧក្រិដ្ឋជនបានចំនួន ០៦នាក់ជាជនបរទេស ខណៈកំពុងតែស្វែងរកមេខ្លោង ១នាក់ទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះសីហនុ »។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៍បានរកឃើញគ្រឿងញៀនជាងមួយតោន នាំចូលពីប្រទេសឡាវ ដែលសមត្ថកិច្ចអះអាងថា ត្រូវបានក្រុមឧក្រិដ្ឋជនយកមកផ្លុងចោលនៅទីតាំងមួយកន្លែងក្នុងខេត្តព្រះវិហារផងដែរ៕KD