Wednesday, December 11, 2024

កម្មករស្លាប់ម្នាក់ទាំងមូល ម្ចាស់សិប្បកម្មធ្វើសាច់ក្រក និង មន្ទីរពេទ្យនាគទេព មិនឲ្យសមត្ថកិច្ចពិនិត្យ បែរជាស្ងាត់ៗ ដឹកសពទៅស្រុកកំណើត ត្រូវសមត្ថកិច្ចដឹងតាមទៅពិនិត្យ

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ១៩ និង ៤០ នាទី ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ ក្នុងទីតាំងសិប្បកម្មធ្វើសាច់ក្រក មួយកន្លែងគ្មានឈ្មោះ និងសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលស្ថិតនៅក្រុមទី ២ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានកម្មកររបស់ខ្លួនម្នាក់បានស្លាប់ ប៉ុន្តែត្រូវបានម្ចាស់សិប្បកម្មធ្វើសាច់ក្រកនេះ ទាក់ទងទៅរថយន្តសង្គ្រោះឯកជន របស់ មន្ទីរពេទ្យ នាគទេព ស្ងាត់ៗដឹកសពជនរងគ្រោះទៅស្រុកកំណើតប្រពន្ធរបស់សព នៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ទាំងយប់ ដោយមិនព្រមរាយការណ៍ឲ្យសមត្ថកិច្ចពិនិត្យ និងហាមមិនឱ្យសាច់ញាតិ និងអ្នកជិតខាងថតបង្ហោះ តែត្រូវបែកធ្លាយរឿងដល់សមត្ថកិច្ច ចុះពិនិត្យដល់ផ្ទះសព នៅវេលាម៉ោង ៨ និង ០០នាទី ថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៤នេះ។

ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប

ប្រភពពីមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា សាកសពមានឈ្មោះ ជី ចាន់ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបណ្ដោះអាសន្នក្នុងទីតាំងសិប្បកម្ម ដែលកើតហេតុខាងលើ ដែលសមត្ថកិច្ចបានតាមទៅធ្វើការពិនិត្យសាកសព នៅផ្ទះរបស់ប្រពន្ធជនរងគ្រោះ ស្ថិតនៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោយទទួលបានដំណឹង នៃការស្លាប់។

ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ប្រភពដដែលបានបន្តថា ពីទីតាំងផ្ទះតម្កល់សព មានការបំភ្លឺពីឈ្មោះ ណាង ដាវី ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅបណ្ដោះសន្នទីតាំងកើតហេតុខាងលើ ត្រូវជាប្រពន្ធរបស់សពថា «ខ្ញុំបានស្រឡាញ់គ្នាជាមួយគាត់(សព)នៅអំឡុងឆ្នាំ ២០២២ ហើយក៏បានសែនព្រេនតាមប្រពៃណី ក្រោយមកនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ ខ្ញុំនឹងគាត់បានមកធ្វើការជាកម្មករ នៅសិប្បកម្មធ្វើសាច់ក្រក នៅក្នុងខេត្តសៀមរាប ហើយគាត់ជាអ្នកកាន់ម៉ាស៊ីនធំធ្វើសាច់ក្រក ពួកខ្ញុំធ្វើការជារៀងរាល់ថ្ងៃពុំមានដែរមានបញ្ហាអ្វីឡើយ លុះនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤ ពេលថ្ងៃត្រង់សម្រាកពីការងារ គាត់ជាមួយនឹងកម្មករផ្សេងទៀតបាននាំគ្នាផឹកស្រាស អស់ ១លីត្រ រួចចូលធ្វើការបន្តទៀត  រហូតដល់ម៉ោង ១៩ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល ពួកខ្ញុំបានចប់ធ្វើការពេលល្ងាច ខ្ញុំបានដើរទៅដេកមុន ហើយប្ដីនាងខ្ញុំប្រាប់ថាឲ្យទៅមុនទៅគាត់នៅជួយធ្វើសាច់ក្រកមិត្តភក្កិគាត់សិន ប្រហែលកន្លះម៉ោងក្រោយមក ក៏មានកម្មករដូចគ្នារត់មកប្រាប់ថាប្ដីខ្ញុំបានឆក់ចរន្តអគ្គិសនីស្លាប់បាត់ទៅហើយ ភ្លាមនោះខ្ញុំបានរត់ទៅមើលហើយឃើញគាត់ដេកផ្ងារពោះ លើសាប ហើយម្ចាស់សិប្បកម្មបានខលហៅឡានសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន នាគទេព ឲ្យយកគាត់ទៅជួលសង្គ្រោះ ពេលទៅដល់ទីនោះក្រុមគ្រូពេទ្យបានពិនិត្យមើលហើយប្រាប់ថាគាត់បានស្លាប់បាត់ទៅហើយ បន្ទាប់មកខ្ញុំក៏បានស្នើសុំឲ្យម្ចាស់សិប្បកម្មជួយឲ្យឡានសង្គ្រោះឯកជន របស់មន្ទីរពេទ្យ នាគទេព ដដែលដឹកប្ដីខ្ញុំមកស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី»។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប

ដោយឡែក ឈ្មោះ ចិន លីដា ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅជាមួយគ្នាជាមួយបងថ្លៃ នៅកន្លែងសិប្បកម្មសាច់ក្រកដូចគ្នាបានឲ្យដឹងថា «នាងខ្ញុំបានមកធ្វើការកន្លែងសិប្បកម្មសាច់ក្រកនេះ នៅចុងឆ្នាំ ២០២៣ ក្នុងអំឡុងពេលធ្វើការនាងខ្ញុំនិងបងប្អូនមិនដែលមានបញ្ហាអ្វីនោះទេ លុះនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង១ថ្ងៃត្រង់ ខ្ញុំឃើញគាត់(សព)អង្គុយផឹកស្រាសជាមួយនឹងកម្មករដទៃទៀត រហូតដល់ម៉ោងចូលធ្វើការពួកគាត់ក៏នាំគ្នាទៅធ្វើការធម្មតា រហូតដល់វេលាម៉ោង ១៩:៤០ នាទីថ្ងៃខែឆ្នាំដដែល គាត់បានដើរទៅដកឌុយម៉ូទ័របូមទឹកលាងសម្អាតខ្លួននិងសម្ភារៈផ្សេងៗទាំងដៃសើម ស្រាប់តែឆក់ចរន្តអគ្គិសនីហើយបានស្រែកអូយៗ រួចដួលផ្ងាកក្រោយលើសាប ភ្លាមនោះពួកកម្មករដែលនៅជិតនោះបាននាំគ្នាជួយធ្វើចលនាសង្គ្រោះ តែគាត់ពុំបានដឹងខ្លួនទេ បន្ទាប់មកម្ចាស់សិប្បកម្មក៏បានខលហៅឡានសង្គ្រោះបន្ទាន់មកយកគាត់ទៅ ក្រោយមកបងស្រីបស់ខ្ញុំបានប្រាប់ថាប្ដីគាត់បានស្លាប់បាត់ទៅហើយ»។

ប្រភពបានបញ្ជាក់ថា ក្រោយពិនិត្យសាកសព សមត្ថកិច្ចរកឃើញថា នៅផ្នែកកដៃស្ដាំខាងលើ មានស្នាមរលាកស្លោក ប្រវែង ២.៥ ស.ម។

យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានបានថា ការស្លាប់របស់កម្មករខាងលើ គឺដោយសារឆក់ នៃការឆ្លងចរន្តអគ្គិសនី។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ក៏បានធ្វើការទំនាក់ទំនងទៅកាន់ មន្ទីរពេទ្យនាគទេព ០១៧៩២៨៦៥៥ កាលពីវេលាម៉ោង ០៧ និង ២៦ នាទីព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ ជុំវិញករណីដឹកសព ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ច និងមិនគោរពទៅតាម សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលមិនអនុញ្ញាតឲ្យរថយន្តគលានសង្គ្រោះ របស់មន្ទីរពេទ្យឯកជនណាមួយ ចេញយកជំងឺ ឬជនរងគ្រោះ និងមិនអនុញ្ញាតឲ្យដឹកសាកសព ជនរងគ្រោះនោះឡើយ ប៉ុន្តែខាងមន្ទីរពេទ្យសុំមិនធ្វើការបកស្រាយអ្វីទាំងអស់ ដោយហេតុផលខុសវេនប្រចាំការ។

មហាជនក៏បានធ្វើការសំណូមពរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះមន្ទីរពេទ្យឯកជនទាំងឡាយណា ដែលល្មើសទៅនឹងបទបញ្ញត្តិរបស់ក្រសួងសុខាភិបាលផង។VID_20240127_015950_197.mp4

ដោយឡែកជុំវិញការលាក់បាំង ពីសមត្ថកិច្ចចំពោះរឿងរ៉ាវដឹកសព ដែលរងគ្រោះថ្នាក់រហូតស្លាប់បាត់បង់ជីវិត ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ច ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី មិនបានទទួលការបកស្រាយអ្វីទាំងអស់ពីសមត្ថកិច្ច ដែលគ្រាន់តែបញ្ជាក់ថារង់ចាំការសម្រេចពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបតែប៉ុណ្ណោះ។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅពុំទាន់អាច សុំការអនុញ្ញាត នូវសេចក្ដីសម្រេចគោលការណ៍របស់ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបបាននៅឡើយទេ៕នាគស

ព័ត៌មានពេញនិយម