ខេត្តកំពង់ស្ពឺ៖ ឃើញហើយឮហើយ មិនចង់ជឿនោះទេថា នៅលើលោកយើងនេះអាចមាន មនុស្សម្នាក់ដែលជាយាយបង្កើត ដាច់ចិត្តលើកដៃសម្លាប់ចៅប្រុសជាទីស្រលាញ់ របស់ខ្លួន ទៅរួច ហើយនៅហ៊ានទៅប្ដឹងសមត្ថកិច្ចពីករណីបាត់ចៅប្រុសទៀត ចុងក្រោយក៍ត្រូវបានសមត្ថកិច្ចរកឃើញថា ជាឃាតកម្មយាយសម្លាប់ចៅ អាយុ ៨ឆ្នាំ នៅចំណុចភូមិជើងភ្នំញញ្ញាខាងជើង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ពោលគឺ ១១ថ្ងៃមុន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបាន។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មានស្ត្រីចំណាស់ម្នាក់ឈ្មោះ ម៉ុម រឿន អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកប្តឹងសមត្ថកិច្ចពីករណី បាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ អាយុ ៨ឆ្នាំ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបន្តថា ក្រោយមកនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០នាទី មានពលរដ្ឋប្រទះឃើញក្មេងប្រុសម្នាក់ ដែលគេស្គាល់ថាឈ្មោះ វណ្ណឌី វីរៈ បានដេកស្លាប់ដោយមានថ្មសង្កត់ពីលើ ស្ថិតនៅ ជើងភ្នំញញ្ញាខាងជើងភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយទទួលបានព័ត៌មាននៃភ្លាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន អគ្គស្នងការរងទទួលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ បានដាក់បទបញ្ជារ ទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំសហការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយអង្គការ CPU បានបើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ គឺជាជីដូនបង្កើតដែលមានឈ្មោះ ម៉ុម រឿន នោះឯង។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរបឋម ស្ត្រីឈ្មោះ ម៉ុម រឿន បានសារភាពថា ខ្លួនពិតជាបានសម្លាប់ចៅប្រុសពិតប្រាកដមែន ដោយសារខ្លួនគ្មានសមត្តភាពចិញ្ចឹមចៅបន្ត។ បច្ចុប្បន្ននាយកដ្ឋាននគរនបាលព្រហ្មទណ្ឌ បានប្រគល់ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕នាគស