Sunday, November 24, 2024

សាលាដំបូងរាជធានីភ្នំពេញសម្រេច ឃុំខ្លួនបុរស ជាមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលបើករថយន្ត Ford Ranger បុករះបណ្តាលឱ្យមនុស្ស ០៨នាក់ ស្លាប់ និង របួស នៅក្រោមស្ពានអាកាសឫស្សីកែវហើយ

រាជធានីភ្នំពេញ៖ បុរសដែលជាអ្នកបើករថយន្ត Ford Ranger បុករះម៉ូតូ និងរថយន្ដជាច្រើនគ្រឿង បណ្តាលឱ្យមនុស្សប្រុស-ស្រីចំនួន ០៤នាក់ បានស្លាប់បាត់ជីវិត និង ០៤នាក់រងរបួស នៅក្រោមស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនហើយ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។

លិខិតប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា «សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ (ស្រី ០៣នាក់) និងរងរបួសមនុស្ស ០៤នាក់ (ស្រី ០៣នាក់)»។

លិខិតប្រកាសដដែលបន្តថា «លោក នាង សំអូន ដែលជាជនត្រូវចោទ ត្រូវបានតុលាការចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យរបួស និង ស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/L និង របួសស្លាប់ មនុស្សច្រើននាក់)» ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើស ព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និង មាត្រា ៥៨ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក»។

លិខិតប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ នាង សំនួន ដើម្បីបន្តការ ស៊ើបសួរតាមនីតិវិធី»។

សូមរំលឹកជូនផងដែរថា កាលពីវេលាម៉ោង ១៨ និង ៤០នាទីយប់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ត្រង់ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ដែលគេស្គាល់ថាមានឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើករថយន្ដ Ford Ranger ក្នុងស្ថានភាពស្រវឹង ហើយបុករះម៉ូតូ និងរថយន្ដជាច្រើនគ្រឿង បណ្ដាលឱ្យមនុស្សប្រុស-ស្រីចំនួន ០៤នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ និងចំនួន ០៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល គួរឲ្យសង្វេគបំផុត៕KD

ព័ត៌មានពេញនិយម