Friday, November 22, 2024

Guide “ក្រមា” ឈ្មោះដើម ហៀក សេងហួត ត្រូវបានក្រសួងទេសចរណ៍ ចេញលិខិតព្រមាន ជាលើកចុងក្រោយ

រាជធានីភ្នំពេញ៖ មគ្គុទេសក៍ទេសចរណ៍តំបន់អង្គរដែលមានឈ្មោះ ហៀក សេងហួត ដែលមហាជនទូទៅដាក់រហស្សនាមថាជា Guide “ក្រមា”នោះ ត្រូវបានក្រសួងទេសចរណ៍ ចេញលិខិតព្រមាន ជាលើកចុងក្រោយហើយ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

យោងតាមលិខិតព្រមាន លេខ ០០១ ព្រម ដែលចុះហត្ថលេខាដោយ ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានព្រមានដល់មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរខាងលើថា «សូមធ្វើការព្រមានជាលើកចុងក្រោយចំពោះ លោក ហៀក សេងហួត ភេទប្រុស ជាមគ្គុទ្ទេសក៍ ទេសចរណ៍ភាសាអង់គ្លេស ជំនាន់ទី១១ អត្តលេខ២១៤៦ នៅតំបន់សៀមរាប ទៅលើករណីអនុវត្តមិនសមស្រប តាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដោយធ្វើការអធិប្បាយទៅកាន់ភ្ញៀវ ទេសចរ និងផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមអំពីប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ច្បាស់លាស់ ដែលនាំឱ្យមានការប៉ះពាល់ដល់វប្បធម៌ និងសាសនារបស់កម្ពុជា»។

លិខិតដដែលបានបន្តថា «ក្នុងន័យនេះ ក្រសួងទេសចរណ៏សូមធ្វើការព្រមាន លោក ហៀក សេងហួត ជាលើកចុងក្រោយ ដោយ បញ្ឈប់រាល់ការផ្សព្វផ្សាយ និងការអធិប្បាយនូវប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ប្រវត្តិសាស្រ្តច្បាស់លាស់។ ករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងទេសចរណ៍នឹងអនុវត្តនីតិវិធីព្យួរអាជ្ញាបណ្ណ ឬករណ៏ធ្ងន់ធ្ងរអាចឈានដល់ការលុបអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍របស់លោកចោលទាំងស្រុង»។

លិខិតព្រមាន របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ន័យថា «ក្រសួងទេសចរណ៍សង្ឃឹមថា លោក ហៀក សេងហួត បន្តធ្វើការកែតម្រូវសកម្មភាពប្រតិបត្តិ ឱ្យស្របតាម ក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើក តម្កើងតម្លៃនៃវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍»។

ជុំវិញការចេញលិខិតព្រមាន របស់ក្រសួងទេសចរណ៍ ទៅលើមគ្គុទេសក៍ទេសចរណ៍ ឈ្មោះ ហៀក សេងហួត ហៅ ហ្កាយ “ក្រមា” នេះ លោក យស សុបញ្ញា ដែលគេស្គាល់ថាជាមគ្គុទេសក៍ទេសចរណ៍ជើងចាស់មួយរូប បានថ្លែងនៅលើ facebook ផ្លូវការរបស់លោកដែលមានឈ្មោះថា Yous Sopanha ៖ «នេះជាលេីកទីមួយហេីយ ដែលខ្ញុំចេញមកនិយាយ។

ដេាយសារតែប្អូនម្នាក់ បានបំផ្លាញកិត្តិយសមគ្គុទ្ទេសក៍ភាគច្រេីន។យេីងខ្ញុំជាមគ្គុទ្ទេសក៍ ពិតជាមានភាពអាម៉ាស់ ដេាយសារ ទស្សនៈ”ត្រីមួយកន្ត្រក ស្អុយមួយ គឺស្អុយទាំងអស់”។

យេីងខ្ញុំធ្វេីការត្រូវការប្រាក់ចិញ្ចឹមគ្រួសារពឹតមែន ប៉ុន្តែ ដេាយខ្ញុំធ្លាប់និយាយហេីយ យេីងធ្វេីការជាមួយវិជ្ជាជីវៈ ចំណេះដឹង និងមនសិការ ។ល៕ លុយមិនអាចទិញ មនសិការយេីងបានឡេីយ។ លុយប៉ុន្មាន ក៍មិនអាចទិញ កិត្តិយល មនសិការ និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំបានឡេីយ។ ខ្ញុំនិយាយនេះ គឺខ្ញុំអាណឹត ប្អូនទៅវិញទេ ដែលប្អូននៅតែងងេីល។ ឱកាសចុងក្រេាយរបស់ប្អូនហេីយ។ ចូរ ដឹងខ្លួនឡេីង…..»។

ដោយឡែកម្ចាស់គណនេយ្យហ្វេសប៊ុកដែលមានឈ្មោះ “Chanthorn Doun ” មានថ្លែងថា «គាត់មានប្រជាប្រ័យគ្រាន់បើមួយរយះមុនតែចុងក្រោយដូចបែកឆ្វេងច្រើន សោយស្តាយបងសេងហួតផង។មិនទាន់ហួសពេលទេ»។

ចំណែកឯម្ចាស់គណនេយ្យហ្វេសប៊ុកដែលមានឈ្មោះ”Theary Som” ក៍ថ្លែងថា «យេីងជាអ្នកពន្យល់ពីប្រវត្តិសាស្ត្រ តែងតែផ្អែកទៅលើភស្តុតាងនៅតាមជញ្ជាំងប្រាសាទ ខ្ញុំចូលចិត្តមើលគាត់ណាស់គាត់និយាយ បានល្អ មានចំណេះដឹង និងស្រលាញ់វប្បធម៌ខ្មែរ កាលដែលគាត់និយាយនិទានរឿងទេវកថា ក៏មានក្នុងសិលាចារឹកដែរ គ្រាន់ការបកស្រាយរបស់គាត់ពេលនេះមិនត្រូវនឹងសម័យកាលបច្ចុប្បន្នប៉ុណ្ណោះ»។

ថ្លែងក្នុងលក្ខខណ្ឌគាំទ្រចំណាត់ការរបស់ក្រសួងទេសចរណ៍នៅពេលនេះ ម្ចាស់គណនី facebook ដែលមានឈ្មោះ “Porpich Rath” បានថ្លែងថា «ខ្ញុំគាំទ្របង១០០%នៅវិធានការនេះ៕បងហៀក សេងហួត និយាយប្រវត្តិសាស្រ្តខុសច្រេីនសឹងតែ70ទៅ80%»។

បន្ថែមលើនេះទៀតម្ចាស់គណនេយ្យហ្វេសប៊ុកដែលមានឈ្មោះថា Khun Savoeun(ឃុន សាវឿន) បានថ្លែងថា «ក្នុងនាមអតីតមគ្គទេសក៍និយាយភាសាអង់គ្លេសមួយរូប ដែលធ្លាប់ស្រលាញ់ រាប់អានបង Hout Robin (ហ្កាយក្រមា) ទោះជាបងនិយាយបំផ្លើសបំភ្លៃអំពីប្រវត្តិប្រាសាទបន្តិចក្ដី ក៏ខ្ញុំមិនប្រកាន់នឹងបងដែរ តែពេលនេះអស់អាលីងហ្មង ម៉េចបានក្លាយទៅជាមនុស្សបែបនេះទៅវិញ??? ដូចសុភាសិតមួយឃ្លាពោលថា “ដើរតាមឃ្មុំ រកឃើញផ្កា ដើរតាមស្វា រកឃើញចេក បើជក់ហើយមិនដេក បែកមិនស្វាងឡើយ” 🤭 បើបងបានឃើញផុសនេះហើយ សូមពិចារណាដកខ្លួន មុនបែកដូចគ្នា 💊»។

លោក ហៀក សេងហួត មគ្គុទេសក៍ទេសចរណ៍តំបន់អង្គរ មានរហស្សនាម ហ្កាយ”ក្រមា” ដែលរងការព្រមាន បានថ្លែងតាមទូរសព្ទប្រាប់មកអង្គភាពសារព័ត៌មានគូលែនដេលី ពាក់ព័ន្ធទៅនឹងលិខិតព្រមានរបស់ក្រសួងទេសចរណ៍ខាងលើ នៅថ្ងៃទី ២១ ខែមករាឆ្នាំ ២០២៤ នេះថា «ធម្មតាអាជ្ញាធរ ក្រសួងគឺជាឪពុកម្ដាយ ដែលឱ្យយើងចូលធ្វើការបំភ្លឺ គឺចង់តម្រង់ផ្លូវកុំឱ្យយើងចេះតែប៉ាតណា ប៉ាតណី(និយាយផ្ដេសផ្ដាស)។

ឆ្លើយនឹងសំណួររបស់អង្គភាពសារព័ត៌មានគូលឺនដេលីថា «អញ្ចឹងមកដល់ថ្ងៃនេះបងយល់ស្របទៅហ្នឹង អ្វីដែលក្រសួងបានលើកឡើង ថាបរិយាយអំពីជំនឿគ្មានមូលដ្ឋានច្បាស់លាស់ដែរឬទេ? លោកឆ្លើយថា «ពីដើមឡើយយើងធ្វើអ្វីក៏ដោយគឺអនុវត្តតាមច្បាប់ ប៉ុន្តែដោយសារតែយើងមានអំនួត អួតអាង»។

ហ្កាយ”ក្រមា” ក៏បានធ្វើការសន្យាថានឹងមិនមានការប្រព្រឹត្តខុសឆ្គងទៅតាមអ្វីដែលជាការណែនាំ របស់ក្រសួងទេសចរណ៍ទៀតនោះឡើយ៕នាគស

ព័ត៌មានពេញនិយម