Friday, November 22, 2024

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ បានប្ដូរឈ្មោះទៅជា ឃុត វឌ្ឍនា លួចរៀបការប្រពន្ធថ្មី ពេលនេះត្រូវបានឃុំខ្លួន ក្រោមបទទ្វេរពន្ធភាព

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ក្រោមបទ ទ្វេពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ០៤ និងមាត្រា ០៩ នៃច្បាប់ឯកពន្ធភាព។

យោងតាមដីកានោះបានបង្គាប់៖ ទី១)-ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ឃុត វឌ្ឍនា ទៅពន្ធនាគារខេត្តកំពង់ស្ពឺ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ទី២)-ឱ្យប្រធាន ពន្ធនាគារខេត្តកំពង់ស្ពឺ ទទួលឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសំម្រេចផ្សេងពីនេះ និងទី៣)-ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់។

សូមរំលឹកជូនថា លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់ថា ជាស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលួចរៀបការប្រពន្ធថ្មីម្នាក់ទៀត ខណៈប្រពន្ធដើមនៅមិនទាន់បានលែងលះនៅឡើយ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាឃុំកាហែង បានឱ្យដឹងថា លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានទៅស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ដែលមានការបញ្ជាក់ពីភាពពោះម៉ាយដោយ លោកចៅសង្កាត់បឹងសាឡាង និងមានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ង៉ាម រី បានដាក់ពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយប្តូរពីឈ្មោះដើមមកជាឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវរៀបការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅផ្ទះខាងស្រី ភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយកូនស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ។

មន្ត្រីសាលាឃុំកាហែងក៏បានបញ្ជាក់ផងដែរថា ចំពោះសំណើរសុំការចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ អាជ្ញាធរឃុំក៏បានសម្រេចឯកភាពជូនសាម៉ីខ្លួនទាំងពីររួចហើយដែរ។

ពាក់ព័ន្ធនឹងការក្លែងឯកសារ ដើម្បីរៀបការប្រពន្ធថ្មីនេះ ប្រពន្ធដើមរបស់លោក ង៉ាម រី មិនបានធ្វើការអធិប្បាយនោះទេ តែលោកស្រីគ្រាន់បាននិយាយយ៉ាងខ្លីថា លោកស្រីកំពុងតែធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ហើយរឿងរ៉ាវយ៉ាងណា លោកស្រីនឹងប្រាប់នៅពេលក្រោយ។

ជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងតាមទូរសព្ទកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ថា រឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការងរៀបការនោះ លោកមិនបានដឹងទេ ព្រោះគេមិនបានប្រាប់លោកឡើយ ហើយក៏មិនបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនាហារនាថ្ងៃនោះដែរ។ ម្យ៉ាងវិញទៀត គ្មានមន្ត្រីនគរបាលណាម្នាក់ដែលបម្រើការងារក្នុងអង្គភាព និងជាកូនចៅផ្ទាល់របស់ លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា ត្រូវបានហៅ ឬអញ្ជើញឱ្យចូលរួមដែរ។ ចំពោះករណីនេះរូបលោកមិនអាចបកស្រាយបានដែរ ដោយលោកស្នងការគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងបានមកដាក់ពាក្យប្តឹងជាផ្លូវការហើយ ដើម្បីទប់ស្កាត់ពិធីមង្គលការ។

សូមជំរាបជួនផងដែរថា «បទទ្វេពន្ធភាព» ជាអំពើដែលចុះបញ្ជីអាពាហ៍ពិពារហ៍ថ្មី មុនការ រំលាយអាពាហ៍ពិពាហ៍ចាស់ ដោយយោងក្រមព្រហ្មទណ្ឌនេះ នៅក្នុងមាត្រា ៣៥០ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ ខែ ទៅ ១ឆ្នាំ និង ពិន័យជាប្រាក់ ១សែនរៀល ទៅ ២ លានរៀល។ ត្រូវផ្តន្ទាទោសដូចគ្នា ចំពោះមន្ត្រីអត្រានុកូលដ្ឋាន ដែលដឹងហេតុ ការណ៍នោះច្បាស់ នៅតែអនុញ្ញាតឲ្យរៀប អាពាហ៍ពិពាហ៍ ឬចុះបញ្ជីអាពាហ៍ពិពាហ៍នេះ មុនការ រំលាយអាពាហ៍ពិពាហ៍ចាស។ ក្នុងករណីដែលជាបទល្មើសទ្វេពន្ធភាពឬបទស្មន់ ឬ ក្បត់ផិត ប្តី ឬប្រពន្ធមុន ឬសាច់ញាតិ អាចប្តឹងទៅមេ ភូមិ ឬប្រធាន នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសងខ្នាត់ក៏ បានដែរ ដើម្បីឲ្យធ្វើការត្រួតពិនិត្យបទល្មើសកំណត់ អត្តសញ្ញាណ និងចាប់ជនល្មលើសព្រមទាំងបូរមូល ភ័ស្តុតាង ហើយនឹងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ៕នាគស

ព័ត៌មានពេញនិយម