រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមទៅលើករណីមន្រ្តីនគរបាលចរាចរម្នាក់ បើកបរម៉ូតូលើដងផ្លូវសាធារណៈ នៅក្នុងខណ្ឌពោធិ៍សែនជ័យ មិនពាក់មួកសុវត្ថិភាព និងនិយាយទូរស័ព្ទ។ ភ្លាមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវរកមន្រ្តីបើកបរល្មើសច្បាប់ចរាចរណ៍ដើម្បីឱ្យចូលមកផាកពិន័យតាមច្បាប់។លោកអនុសេនីយ៍ឯក ព្រាប តារា មន្ត្រីនគរបាលចរាចរណ៍ ហើយនៅថ្ងៃដដែលត្រូវបានចូលមកអង្គភាពការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីផាកពិន័យតាមច្បាប់ទី១ មិនពាក់មួកសុវត្ថិភាព ចំនួន៦០,០០០រៀល និងទី២ ប្រើប្រាស់ទូរស័ព្ទពេលបើកបរ ចំនួន៨០,០០០រៀល៕KD
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ