ខេត្តកណ្ដាល៖ អគ្គិភ័យឆេះនៅរោងចក្រ «យីដា មេនូហ្វេកធីរើ ខូ អិលធីឌី Yi Da Manufacturer Co;Ltd» ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានសម្លាប់កម្មការិនីម្នាក់ និងក្រុមអ្នកជួយសង្គ្រោះ ០៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយរងការថប់ដង្ហើម នៅវេលា ម៉ោង៦ និង ៤០នាទី ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
កម្មការិនីម្នាក់ដែលបានស្លាប់ ក្នុងករណីអគ្គិភ័យនេះ មានឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ហើយករណីនេះ បណ្ដាលឱ្យអ្នកជួយពន្លត់អគ្គិភ័យចំនួន០៤នាក់ មានបញ្ហាថប់ដង្ហើម ក្នុងនោះមានឈ្មោះ សោម ប៊ុនថាត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ ឈ្មោះ សៀង វុធ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ និងឈ្មោះ សាំង រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិឈើទាល ឃុំឈើទាល ស្រកកៀនស្វាយ និងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។ ចំណែករោងចក្រដែលបានឆាបឆេះនោះ មានការខូចខាតអគារ ០១ខ្នង ជាមួយសម្ភារនៅខាងក្នុងអគារជាច្រើនផងដែរ ហើយអគ្គិភ័យខាងលើនេះ ត្រូវបានពន្លត់១០០% នៅម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង និងរថយន្តសង្គ្រោះមានចំនួន១០គ្រឿង។
ប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយនឹងអគ្គីភ័យនេះ ត្រូវបានដឹកនាំបញ្ជាដោយផ្ទាល់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ទៅកាន់លោកឧត្តមសេនីយ៍ទោស្នងការ លោកមេបញ្ជាការកងរាជអាវុធខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកណ្តាល លោកប្រធានមន្ទីរការងារខេត្ត លោក ឡូវ សុខសាន អភិបាលស្រុក និងសហការី រួមទាំងបងប្អូនកម្មកររោងចក្រ ប្រជាការពារ និងអាជ្ញាធរពាក់ព័ន្ធចុះមកដល់កន្លែងកើតហេតុ បានសហការគ្នា ដើម្បីជួយធ្វើការពន្លត់៕ នាគស