ខេត្តសៀមរាប៖ តុលាការ បានសម្រេចឲ្យបុគ្គលិកសណ្ដាប់ធ្នាប់នៃ អាជ្ញាធរជាតិអប្សរា ដែលប្រើប្រាស់អំពើ ហិង្សាទៅលើក្មេងលក់សត្វអណ្ដើកនៅអង្គរវត្ត ត្រឡប់ទៅផ្ទះវិញហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី ១៤ ខែមករាឆ្នាំ២០២៤ នេះ។លិខិតនោះបានឱ្យដឹងថា «យោងការចុះផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មាននានា នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ មានគណនីមួយចំនួនបានធ្វើការផ្សព្វផ្សាយនូវវីដេអូ ដែលបង្ហាញពីការប្រើប្រាស់អំពើ ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃ អាជ្ញាធរជាតិអប្សរា ទៅលើក្មេងដែលលក់សត្វអណ្ដើកនៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្ដែតទឹក មុខប្រាសាទអង្គរ វត្តស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ អយ្យកាអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៥៨ ចុះថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២៤ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដែលមានជនសង្ស័យចំនួន ២នាក់ ទី១ ឈ្មោះ សុខ សឿន ភេទប្រុស អាយុ២៣ឆ្នាំ និងទី២ ឈ្មោះ ហៃ រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ដើម្បីចាត់ការជាសមត្ថកិច្ច»។
លិខិតដដែលបន្តថា «បន្ទាប់ពីបានពិនិត្យចម្លើយជនរងគ្រោះ ចម្លើយជនសង្ស័យ ចម្លើយសាក្សី និងឯកសារជាភស្តុតាង នានានៅក្នុងសំណុំរឿង អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមជម្រាបជូនសាធារណជន ជ្រាបដូចខាងក្រោម៖
១. ជនរងគ្រោះរឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ (កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០០៤) ជានីតិជន និងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិន្ទុអង្គរ បំពានការហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្ត។ ក្នុងអំឡុង ពេលបំពេញភារកិច្ចប្រចាំការ មើលការខុសត្រូវនៅទីកន្លែងកើតហេតុ ជនសង្ស័យឈ្មោះ សុខ សឿន និង ឈ្មោះ ហៃ រដ្ឋា បានចុះទៅធ្វើការហាមឃាត់ និងណែនាំឈ្មោះ ណុល សំណាង និងបក្ខពួក កុំឱ្យប្រព្រឹត្តអំពើ ទាំងនេះតទៅទៀត ប៉ុន្តែជាការឆ្លើយតប ជនរងគ្រោះឈ្មោះ ណុល សំណាង មិនបានគោរពតាមការណែនាំ របស់អាជ្ញាធរនោះទេ ហើយបានជេរប្រមាថមកលើអាជ្ញាធរវិញទៀតផង ទើបធ្វើឱ្យជនសង្ស័យទាំងពីរខាង លើមានការខឹងសម្បារ និងជ្រុលជ្រួសឈានទៅដល់ការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះតែម្តង»។
២. នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលអយ្យការ ជនសង្ស័យទាំងពីរនាក់៖
– បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថាជាកំហុសរបស់ខ្លួន ដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង។
– បានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ។
– បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ ប្តឹងក្នុងរឿងនេះតទៅទៀត។
– មានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យ ថានឹងចូលខ្លួនមកវិញនៅគ្រប់ ដំណាក់កាលនីតិវិធីរបស់តុលាការ។
– ជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ដែលត្រូវមើលថែរក្សា។
លិខិតប្រកាសព័ត៌មាននោះបានបញ្ជាក់ថា «៣. ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យឯកសារ និងភស្តុតាងនានាក្នុងសំណុំរឿង អយ្យការអមសាលាដំបូងខេត្តសៀមរាប ឃើញថា ករណីនេះជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិន បង្ករឱ្យមានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ ដល់ជនរងគ្រោះឡើយ។
៤. ផ្អែកលើអង្គហេតុ អង្គច្បាប់ និងហេតុផលក្នុងចំណុចទី២ខាងលើ តំណាងអយ្យការបានសម្រេច អនុញ្ញាតឱ្យជនសង្ស័យទាំងពីរនាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្តោះអាសន្ន ដោយឡែកសំណុំរឿង នេះ តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់»៕នាគស